ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

តាមច្បាប់៖ បើខាងស្រីផ្ដាច់ពាក្យ តើខាងប្រុសអាចទទួលបានថ្លៃបណ្ណាការ ដែរឬទេ?

No comments



បាទ លោកអ្នកនាងជាទីមេត្រី !

ជាទូទៅ«ការភ្ចាប់ពាក្យ» គឺជាកិច្ចព្រមព្រៀងពិសេសមួយរវាងបុរស និងនារីម្នាក់ តាមសេចក្ដីសន្យាថានឹងរៀបអាពាហ៍ពិពាហ៍នឹងគ្នានាពេលអនាគត ស្របតាមគោលការណ៍ស្ម័គ្រចិត្តមិនអាចបង្ខំបានឡើយ។ ប៉ុន្តែក្នុងករណីជិតដល់ថ្ងៃមង្គលហើយ ស្រាប់តែខាងស្រី​ទាមទារ «ផ្ដាច់ពាក្យ» ទៅវិញ តើខាងប្រុសអាចទទួលបាន សំណងខូចខាតលើថ្លៃបណ្ណាការ ដែរឬទេ? ដូច្នេះដើម្បីជូនជាគំនិតពិចារណា យើងនឹងលើកយកចំណុចសំខាន់ៗ ទាន់ទិននឹងបញ្ហានេះ មកបកស្រាយដោយផ្អែកលើមូលដ្ឋានច្បាប់ជាគោល។ 

យោងតាមមាត្រា ៩៤៥ នៃក្រមរដ្ឋប្បវេណីកម្ពុជា បានកំណត់ថា ក្នុងករណីដែល«កំជាប់ពាក្យ»បានរលាយ ភាគីដែលបានលើកជំនួនក្នុងពិធីភ្ចាប់ពាក្យ អាចទាមទារឲ្យភាគីម្ខាងទៀតដែលជាអ្នកផ្ដាច់ពាក្យសងជំនួននោះត្រឡប់មកវិញបាន។ ទោះបីយ៉ាងណាក្នុងករណីខ្លះការផ្ដាច់ពាក្យពីភាគីតែម្ខាង ក៏ច្បាប់មិនតម្រូវឲ្យចាំបាច់ត្រូវសងថ្លៃបណ្ណាការដែរដោយគេអាចពិនិត្យមើលថា តើការផ្ដាច់ពាក្យនោះធ្វើឡើងដោយមានហេតុផលសមស្រប ឬយ៉ាងណា? ប្រសិនបើការផ្ដាច់ពាក្យនោះមានមូលហេតុសមស្របគឺមិនចាំបាច់សងការខូចខាតឡើយ។

ឧ. កំឡុងពេលនៃពិធីភ្ចាប់ពាក្យ ខាងប្រុសបានប្រាប់ភាគីខាងស្រីថាខ្លួនគ្មានជំងឺអេដស៍ទេ ប៉ុន្តែស្រាប់តែក្រោយមក ឆ្លងកាត់ការពិនិត្យឈាមម្ដងទៀត គ្រូពេទ្យបានបញ្ជាក់ថា កូនកម្លោះពិតជាមានផ្ទុកមេរោគអេដស៍ទៅវិញ ដូច្នេះភាគីខាងស្រីអាចផ្ដាច់ពាក្យដោយមិនចាំបាច់សងជំនួនទៅភាគីខាងប្រុសបាន។ លើសពីនេះគេនៅតែអាចផ្ដាច់ពាក្យបានប្រសិនបើខាងប្រុស វិកលចរិត មានទោសធ្ងន់ធ្ងរជាដើម។ 

ប៉ុន្តែប្រសិនបើការផ្ដាច់ពាក្យធ្វើឡើងដោយអំពើចិត្តភាគីខាងស្រីតែឯងៗ គ្មានមូលហេតុណាមួយសមរម្យ ភាគីខាងប្រុសអាចប្ដឹងទាមទារសំណងថ្លៃបណ្ណាការពីភាគីខាងស្រីត្រលប់មកវិញបាន ក្នុងនោះមានដូចជា៖ ចិញ្ជៀន ជំនូនផ្លែឈើ តម្លៃកក់សម្ភារៈសម្រាប់រៀបមង្គល ជាពិសេសគឺការខូចខាតចំពោះកិត្តិយស ឬសំណងជំងឺចិត្តជាដើម។

ផ្អែកតាមមាត្រា ៩៤៧ នៃច្បាប់ដដែលបានបញ្ជាក់យ៉ាងច្បាស់ទៀតថាបណ្ដឹងទាមទារនេះ គឺមានរយៈពេល ១ឆ្នាំ គិតចាប់ពីពេលផ្ដាច់ពាក្យ ហើយបើភាគីខាងប្រុសបានធ្លាក់ខ្លួនឈឺព្រោះការផ្ដាច់ពាក្យ ដោយចំណាយថវិការផ្ទាល់ខ្លួនព្យាបាលជំងឺអស់ ៥០លានរៀល ដូច្នេះភាគីខាងប្រុសក៏អាចប្ដឹងទាមទារសំណងនោះបានពីភាគីខាងស្រីផងដែរ។ 

ទោះបីយ៉ាងណា ការកាត់សេចក្ដីថាភាគីខាងណាបានផ្ដាច់ពាក្យដោយសមស្រប ឬមិនសមស្រប ហើយភាគីខាងណាត្រូវសងជំនូនបណ្ណាការ ទៅភាគីខាងណា គឺជាសមត្ថកិច្ចក្នុងការវិនិច្ឆ័យរបស់ស្ថាប័នតុលាការ ចំណែកឯអត្ថបទនេះគឺគ្រាន់តែជាអង្គហេតុច្បាប់ខ្លះៗ ដើម្បីផ្ដល់ជាចំណេះដឹងបន្តិចបន្តួចប៉ុណ្ណោះ។ នៅសប្ដាហ៍ក្រោយសារព័ត៌មានតោះអាននឹងបន្តលើកយកប្រធានច្បាប់មានប្រយោជន៍ផ្សេងៗ មកបកស្រាយបន្តទៅទៀត ដោយមានការចូលរួមពីមេធាវីល្បីៗ ផងដែរ៕ សូមអរគុណ !

No comments :