បដិវត្តន៍ឧស្សហ៍កម្ម នាំការរីកចម្រើនដល់មនុស្សជាតិ
នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគេពិបាកនឹងបំភ្លេចនូវពាក្យថា «បដិវត្តឧស្សហ៍កម្ម»។ មែនទែនទៅបើកុំតែបានបដិវត្តនេះ ម្ល៉េះគេក៏ ប្រហែលជាគ្មានរថយន្តទំនើបៗ យន្តហោះ ឬគ្រឿងចក្រផ្សេងៗ ដែលអាចបម្រើនូវតម្រូវការរបស់មនុស្សដូចបច្ចុប្បន្នឡើយ។ បើតាមវចនានុក្រមសម្ដេចសង្ឃជួនណាតបញ្ជាក់ថា «បដិវត្ត» គឺជាការប្រែប្រួល ផ្លាស់ប្ដូរ រីកចម្រើន។ ដូច្នេះគេអាចនិយាយបានថា បដិឧស្សហ៍កម្ម គឺជាផ្លាស់ប្ដូរនៃរបបឧស្សហ៍កម្មបែបបុរាណដោយប្រើកម្លាំងមនុស្ស ឬសត្វ ទៅជាការប្រើគ្រឿងចក្រ និងឧបករណ៍ទំនើបៗ។
តើដំណើរនៃបដិវត្តឧស្សហ៍កម្មកើតឡើងយ៉ាងដូចម្ដេច? ហេតុអ្វីទើបធ្វើឲ្យមានបដិវត្តន៍ឧស្សហ៍កម្ម?
កាលពីដើមឡើយប្រជាជនទូទាំងសកលលោក ភាគច្រើនលើសលប់រស់នៅក្នុងភូមិតូចៗ នៃតាមទីជនបទ ហើយប្រកបរបរចិញ្ចឹមជីវិតដោយ៖ ការដាំដុះ ចិញ្ចឹមសត្វ ឬសកម្មភាពសិប្បកម្មផ្សេងៗ។ ប្រជាជនបរិភោគចំណីអាហារដែលបានមកពីដំណាំដែលគេដាំដោយខ្លួនឯង ស្លៀកសម្លៀកបំពាក់ និងប្រើប្រាស់សម្ភារៈ ដែលគេផលិតដោយខ្លួនឯង ហើយសកម្មភាពទិញដូរកើតមានយ៉ាងតិចតួចបំផុតនៅតាមទីផ្សារ។
នៅពេលនោះអ្វីៗទាំងអស់ត្រូវធ្វើឡើង ដោយកម្លាំងមនុស្ស ឬសត្វ គោ ក្របី ឬសេះជាដើម។ សកម្មភាពផលិតភាគច្រើនធ្វើឡើងតែតាមផ្ទះជាលក្ខណៈគ្រួសារ ដែលផ្តល់ផលក្នុងកម្រិតទាប ប្រាក់ចំណូលតិចតួច ដោយប្រជាជនភាគច្រើនមានជីវភាពខ្សត់ខ្សោយ។ ស្រាប់តែក្រោយមក នៅចុង ស.វ ទី១៨ ពិភពលោកបានស្គាល់នូវការវិវឌ្ឍសំខាន់មួយដែលគេឲ្យឈ្មោះថា “បដិវត្តន៍ឧស្សាហកម្ម” ហើយមានប្រភពដើមដំបូងចេញពីចក្រភពអង់គ្លេស។
មូលហេតុដែលនាំឲ្យកើតមានបដិវត្តន៍នេះ គឺបណ្ដាលមកពីកត្តាពីរសំខាន់ៗ ៣យ៉ាង។
កត្តាសំខាន់ទីមួយ គឺ វត្ថុធាតុដើម។ អង់គ្លេស គឺជាប្រទេសដែលសម្បូរទៅដោយរ៉ែធ្យូងថ្ម និងរ៉ែដែក ដែលជាប្រភពវត្ថុធាតុដើមសំខាន់បំផុតក្នុងវិស័យឧស្សាហកម្ម។
កត្តាសំខាន់ទីពីរ គឺ ចំណេះដឹង។ នៅក្នុងអំឡុងសតវត្សរ៍ទី១៨ អង់គ្លេសមានអ្នកប្រាជ្ញល្បីៗជាច្រើន មានដូចជា អ៊ីសាក់ ញូវតុន (Isaac Newton) ដែលជាអ្នកប្រាជ្ញមានឈ្មោះល្បីល្បាញបំផុតខាងរូបវិទ្យា និងទំនាញសកល។ ក្រៅពីញូវតុន អង់គ្លេសនៅមានអ្នកប្រាជ្ញជាច្រើនទៀតជាពិសេស ខាងផ្នែករូបវិទ្យា និងវិស្វកម្ម ជាដើម។ កត្តាទាំងនេះបានរុញច្រានអង់គ្លេសឲ្យដើរមុនប្រទេសនៅបច្ចឹមលោកផ្សេងៗ ទៀតយ៉ាងលឿន។
ចំណេះដឹងរបស់អ្នកប្រាជ្ញទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗជាច្រើន ជាអាទិ៍ ប្រើកម្លាំងទឹកហូរទៅបង្វិលក្បាលឌីណាម៉ូបង្កើតបានជាចរន្តអគ្គីសនី(វ៉ារីអគ្គីសនី) ប្រើធ្យូងថ្មជាប្រភពថាមពលជំនួសអុស បង្កើតម៉ាស៊ីនដើរដោយចំហាយទឹក(ក្បាលរថភ្លើង) ព្រមទាំងបច្ចេកទេសខាងផ្នែកមេកានិកផ្សេងៗ ទៀត។
ការផលិត ម៉ាស៊ីនទាំងនេះធ្វើឲ្យគេទទួលបានទិន្នផលច្រើនជាងការផលិតដោយដៃរាប់រយ រាប់ពាន់ដង។
កត្តាដ៏សំខាន់មួយទៀត ដែលជំរុញឲ្យមាន«បដិវត្តន៍ឧស្សាហកម្ម» កើតមាននៅអង់គ្លេសដែរនោះ គឺនយោបាយ និងសង្គម។ ចាប់តាំងពីមានបដិវត្តន៍បង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅចុងសតវត្សរ៍ទី១៧ អង់គ្លេស គឺជាប្រទេសមួយ ដែលមានស្ថិរភាពទាំងផ្នែកនយោបាយ និងសង្គម។ ពេលនោះរដ្ឋាភិបាលអង់គ្លេសតែងតែប្រកាន់យកនូវនយោបាយដឹកនាំបើកចំហក្នុងវិស័យឯកជន។ លើសពីនេះទៅទៀត អង់គ្លេស គឺជាមហាអំណាច ដែលមានដែនដីអាណានិគម ធំធេងទូទាំងពិភពលោកដែលជាហេតុធ្វើ ឲ្យអង់គ្លេសប្រមូលយកវត្ថុធាតុដើមបានច្រើនពីដែនដីអាណានិគមរបស់ខ្លួន ដើម្បីយកមកផ្គត់ផ្គង់រោងចក្រឧស្សាហ៍កម្មរបស់ខ្លួន។
ក្រោយពីបានរីកចម្រើននូវបច្ចេកវិទ្យាទាំងអស់នេះហើយ រដ្ឋាភិបាលអង់គ្លេសបានព្យាយាមទប់ស្កាត់មិនឲ្យបច្ចេកវិទ្យាឧស្សាហកម្មរបស់ខ្លួន ត្រូវរីកសាយភាយទៅកាន់ប្រទេសផ្សេងនោះទេ។
ប៉ុន្តែការរាំងខ្ទប់នេះត្រូវទទួលបរាជ័យ ដោយសារតែមានវិស្វករ ឬកម្មករជំនាញ ព្រមទាំងសហគ្រិនអង់គ្លេសខ្លះ បាននាំគ្នាធ្វើចំណាកស្រុកដើម្បីទៅស្វែងរកឱកាសការងារ ឬឱកាសធ្វើជំនួញនៅបរទេសដើម្បីរកចំណូលបន្ថែម។ ពេលនោះហើយ ដែលបដិវត្តន៍ឧស្សាហកម្ម បានរីកសាយភាយចេញពី អង់គ្លេស ទៅកាន់ប្រទេសផ្សេងទៀតនៅអឺរ៉ុបដោយចាប់ផ្តើមពី៖ ប៊ែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ស៊ុយអែដ ហើយបន្ទាប់មកទៀតចេញពីអឺរ៉ុប ទៅដល់សហរដ្ឋអាមេរិក។ គិតត្រឹមពាក់កណ្តាល ស.វ ទី១៩ បដិវត្តន៍ឧស្សាហកម្មបានចាក់គ្រឹះមាំនៅទូទាំងតំបន់អឺរ៉ុបខាងលិច និងនៅឆ្នេរប៉ែកខាងកើតនៃសហរដ្ឋអាមេរិក។
វិស័យដែលមានការជឿនលឿនខ្លាំងជាងគេ នៅអំឡុងពេលនៃបដិវត្តឧស្សាហ៍កម្ម គឺ វិស័យវាយនភ័ណ្ឌ ការផលិតដែក និងបច្ចេកវិទ្យាក្នុងការផលិតម៉ាស៊ីន ដើរដោយចំហាយទឹក។ នៅតាមបណ្តាប្រទេសដែលឆ្លងកាត់នូវ បដិវត្តន៍ឧស្សាហកម្ម គេសង្កេតឃើញមានរោងចក្រថ្មីៗ រីកដុះដាលដូចផ្សិតនៅគ្រប់ទីកន្លែង។ ហេដ្ឋារចនាសម្ព័ន្ធខាងផ្នែកដឹកជញ្ជូនក៏មានការរីកចម្រើនមិនធ្លាប់មាន កាលពីមុនមនុស្សធ្វើដំណើរ ឬដឹកជញ្ជូនទំនិញ ពីកន្លែងមួយទៅកន្លែងមួយដោយថ្មើរជើង ឬដោយរទេះសេះ។ ការធ្វើដំណើរតាមផ្លូវទឹកវិញត្រូវធ្វើឡើងតាមទូកដោយប្រើក្តោង ឬចែវ។ ក៏ប៉ុន្តែ បដិវត្តន៍ឧស្សាហកម្មបាននាំទៅរកការបង្កើតមធ្យោបាយដឹកជញ្ជូនថ្មីៗ ដែលអាចដឹកទំនិញបានច្រើនបានយ៉ាងលឿន និងក្នុងរយៈចម្ងាយឆ្ងាយជាងមុនតាមរយៈនាវាឬ កប៉ាល់ជាដើម។
នៅដើមស.វ ទី១៩ វិស្វករអាមេរិកបានសាងសង់កប៉ាល់ពាណិជ្ជកម្ម ដើរដោយម៉ាស៊ីនប្រើចំហាយទឹកជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។ ក្រោយមកទៀតនៅពាក់កណ្តាលស.វទី១៩ កប៉ាល់ដើរដោយចំហាយទឹក បានក្លាយជាមធ្យោបាយដឹកជញ្ជូនឆ្លងកាត់មហាសមុទ្រ អាត្លង់ទិក និងសមុទ្រនានានៅទូទាំងពិភពលោក។ បច្ចេកវិទ្យានេះ ក៏ត្រូវបានវិស្វករ យកទៅប្រើនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែកផងដែរ តាមរយៈការផលិតក្បាលរថភ្លើងដើរដោយចំហាយទឹកផងដែរ។ នៅឆ្នាំ១៨៣០ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូង ដោយតភ្ជាប់ពីទីក្រុង Liverpool ទៅទីក្រុងManchester។
ប្រព័ន្ធទូរគមនាគមន៍វិញក៏ស្គាល់នូវភាពជឿនលឿនដ៏គួរឲ្យកត់សម្គាល់ដែរ នៅក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ជាពិសេសតាមរយៈការបង្កើតតេឡេហ្ក្រាហ្វ (Télégraphe) ដោយវិស្វករអង់គ្លេសនៅអំឡុងឆ្នាំ១៨៣០។
បើនិយាយខាងផ្នែកសង្គមវិញ បដិវត្តន៍ឧស្សាហកម្មបានធ្វើឲ្យប្រជាជន ដែលកាលពីមុនរស់នៅតាមទីជនបទ នាំគ្នាមករស់នៅប្រមូលផ្តុំគ្នានៅតាមទីក្រុង ដែលជាកន្លែងសម្បូររោងចក្រ និងសម្បូរការងារធ្វើ។ ការកើនឡើងនៃសមត្ថភាពផលិតបានធ្វើឲ្យថ្លៃសម្ភារៈប្រើប្រាស់ ជាពិសេស ក្រណាត់ និងសម្លៀកបំពាក់ មានការធ្លាក់ចុះ។ ប្រជាជនទូទៅមានប្រាក់ចំណូលច្រើន និងមានជីវភាពធូរធាជាងមុន។
ក្នុងពេលជាមួយគ្នា មានអ្នកខ្លះបានរិះគន់ថា បដិវត្តន៍ឧស្សាហកម្មក៏បានបង្កជាបញ្ហាយ៉ាងច្រើនផងដែរ ទាក់ទងនឹងលក្ខខណ្ឌការងាររបស់កម្មករ។ កម្មករត្រូវធ្វើចំណាកស្រុក ឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងភូមិកំណើត ដើម្បីទៅធ្វើការនៅតាមទីក្រុង។ កម្មករនីមួយៗត្រូវធ្វើការពី១២ម៉ោង ទៅ១៤ម៉ោងក្នុងមួយថ្ងៃ ហើយរោងចក្រត្រូវបានសាងសង់ដោយមិនបានគិតគូរហ្មត់ចត់ អំពីសន្តិសុខ និងសុខុមាលភាពរបស់កម្មករ។
នៅសហរដ្ឋអាមេរិកវិញ ការកើនឡើងនៃសកម្មភាពផលិតនៅក្នុងវិស័យវាយនភ័ណ្ឌបានធ្វើឲ្យតម្រូវការកប្បាសមានការកើនឡើងខ្លាំង ហើយការទិញដូរទាសករស្បែកខ្មៅ ដើម្បីយកទៅធ្វើការក្នុងចម្ការកប្បាសមានកើនឡើងខ្លាំង។ បញ្ហាទាសករ ដែលធ្លាប់ជាបញ្ហាចម្រូងចម្រាសស្រាប់ ចាប់តាំងពីពេលកកើតសហរដ្ឋអាមេរិក ក៏បានក្លាយជាបញ្ហាកាន់តែធំរហូតរាលដាលទៅជាសង្រ្គាមស៊ីវិល រវាងរដ្ឋនិងរដ្ឋរបស់អាមេរិកនៅឆ្នាំ១៨៦១ ចាប់ពីពេលនោះ។ ទោះបីយ៉ាងនេះក្ដីក៏បដិវត្តន៍ឧស្សហ៍កម្មមិនមែនផលលំបាកច្រើនដូចបដិវត្តន៍បែបនយោបាយដែរ ត្បិតបដិវត្តន៍នេះគ្រាន់តែកើតឡើងនៅក្នុងវិស័យឧស្សាហ៍កម្មប៉ុណ្ណោះ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment