ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ប្ដីប្រពន្ធគួរមាន«កិច្ចសន្យាទ្រព្យសម្បត្តិ» ដើម្បីបញ្ជៀសជម្លោះ

No comments
កិច្ចសន្យាទ្រព្យសម្បត្តិ គឺជាកិច្ចសន្យាមួយដែលបានកំណត់អំពីប្រព័ន្ធទ្រព្យរវាងប្ដី និងប្រពន្ធ ដោយមានការបែងចែកជាទ្រព្យរួម និងទ្រព្យដោយឡែក។ ផ្អែតកតាមមាត្រា ៩៦៩ នៃក្រមរដ្ឋប្បវេណីបានបញ្ជាក់ថា ប្ដីប្រពន្ធអាចធ្វើកិច្ចសន្យាអំពីទំនាក់ទំនងទ្រព្យសម្បត្តិ នៅមុន ឬក្រោយអាពាហ៍ពិពាហ៍បាន។ 
កិច្ចសន្យាទ្រព្យសម្បតិ្តនេះគេចាំបាច់ត្រូវតែធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ដោយមានការចុះបញ្ជីត្រឹមត្រូវតាមការកំណត់ដោយច្បាប់ បើពុំនោះទេក្នុងករណីមានវិវាទគឺពុំអាចយកមកតវ៉ាបានឡើយ។


ហេតុអ្វីចាំបាច់ត្រូវចុះកិច្ចសន្យាទ្រព្យសម្បត្តិ? 
កិច្ចសន្យាទ្រព្យនេះពិតជាមានសារៈសំខាន់ក្នុងជីវភាពប្ដីប្រពន្ធដើម្បីស្វែងយល់ឲ្យបានដឹង ថាតើទ្រព្យណាជាទ្រព្យរួម ហើយទ្រព្យណាមួយជាទ្រព្យដោយឡែក។ ត្រង់ចំណុចនេះគឺមានចែងច្បាស់ត្រង់មាត្រា ៩៧២ នៃក្រមរដ្ឋប្បវេណីថា «ទ្រព្យសម្បត្តិរួម» គឺជាទ្រព្យទាំងឡាយណាដែលប្ដីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ចំណែកឯ«ទ្រព្យសម្បត្តិដោយឡែក»វិញគឺសំដៅដល់ទ្រព្យណាដែលប្ដី ឬប្រពន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ ឬជាទ្រព្យដែលទទួលបានដោយអំណោយពីបុគ្គលណាមួយថាផ្ដល់ឲ្យតែម្នាក់ប៉ុណ្ណោះ ឬជាទ្រព្យដែលបានមកពីមរតកជាដើម ទោះបីជាទ្រព្យនោះទទួលបានក្នុងអំឡុងពេលរៀបអាពាហ៍ពិពាហ៍ក្ដី។ 
ការធ្វើដូច្នេះគឺដើម្បីការពារនៅពេលមានករណីលែងលះគ្នារវាងប្ដី និងប្រពន្ធ បានកើតឡើង ហើយគូរភាគីទាមទារឲ្យបែងចែកទ្រព្យ នោះតុលាការនឹងយកប្រព័ន្ធទ្រព្យសម្បត្តិដែលបានចុះកិច្ចសន្យានេះទៅធ្វើជាសម្អាង ហើយកិច្ចសន្យានេះក៏ជាបង្ករភាពងាយស្រួលសម្រាប់ គូរស្វាមីភរិយាថ្មី ដែលគិតថានឹងលែងលះគ្នាទៅថ្ងៃអនាគតផងដែរ។ 
តើកិច្ចសន្យាទ្រព្យសម្បត្តិ មានសារៈប្រយោជន៍អ្វីខ្លះ?
ការចុះបញ្ជីទ្រព្យ ឬចុះកិច្ចសន្យាទ្រព្យ គឺអាចឲ្យ ប្ដី ឬប្រពន្ធងាយស្រួលគ្រប់គ្រងទ្រព្យដោយពុំមានជម្លោះកើតឡើង។ ឧ. លោក ក មានឡានមួយតម្លៃជាង ២០០លានរៀល និងលុយជាង ៣០០លានរៀល ដែលមានតាំងពីមុនពេលរៀបអាពាហ៍ពិពាហ៍។ ហើយក្រោយមកលោក ក បានរៀបការជាមួយនារី ខ ម្នាក់ដោយបានចុះកិច្ចសន្យាទ្រព្យសម្បតិ្ត។ ថ្ងៃមួយលោក ក បានលេងល្បែងចាញ់លុយអស់ ៤០០លានរៀល ដោយមើលឃើញដូចនេះនារី ខ ក៏បានប្ដឹងលែងលះបុរស ក ក្នុងបំណងទារទឹកប្រាក់ ១០០លានរៀលដែលនៅសល់មកជាទ្រព្យរបស់ខ្លួន។ 
តើក្នុងករណីនេះតើនារី ខ អាចទាមទារទ្រព្យ១០០លានរៀលឲ្យក្លាយជារបស់ខ្លួបានដែរឬទេ?
ដូចបានបញ្ជាក់ពីខាងដើមហើយថា ទ្រព្យដោយឡែក គឺទ្រព្យមានមុនពេលរៀបអាពាហ៍ពិពាហ៍ ដូច្នេះទោះបីយ៉ាងណាក្រោយរៀបអាពាហ៍ពិពាហ៍ក្ដី ក៏ទ្រព្យនោះនៅតែជាទ្រព្យផ្ដាច់មុខរបស់ម្ចាស់ដើមដដែលមិនអាចទាមទារបានឡើយ ទោះបីលែងលះក៏ដោយ។
ប៉ុន្តែបច្ចុសប្បន្នគេសង្កេតឃើញថាក្នុងសង្គមកម្ពុជាបច្ចុប្បន្នហាក់ពុំបានយកចិត្តទុកដាក់ក្នុងការចុះកិច្ចសន្យាទ្រព្យសម្បត្តិឡើយ ដែលកត្តានេះអាចនាំជាបញ្ហាស្មុគស្មាញនៅពេលកើតវិវាទ មិនថាទាំងការលែងលះ ឬប្រតិបត្តិការទ្រព្យនោះទេ។ ដូច្នេះសរុបជារួមមកប្ដីប្រពន្ធគួរតែមានកិច្ចសន្យាទ្រព្យសម្បត្តិមួយជាការល្អ ដែលកិច្ចសន្យានេះត្រូវធ្វើឡើងតាមនីតិវិធីច្បាប់មួយជាកំណត់៕


No comments :