ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

តាមឯកសារប្រវត្តិសាស្ត្រ៖ នាយកន គឺជាជនក្បត់ជាតិ

No comments
កាលដើមឡើយនាយកនគឺគ្រាន់តែជាក្មេងវត្តម្នាក់ប៉ុណ្ណោះ ប៉ុន្តែដោយមានបងស្រីជាស្នំក្នុងរាជវាំង នាយកនក៏ត្រូវព្រះបាទសុគន្ធបទជាបងថ្លៃ តែងតាំងជាឃុនហ្លួងព្រះស្ដេចកន ដែលមាននាទីត្រួតពិនិត្យព្រះរាជកិច្ចមួយចំនួនក្នុងនគរ។ ដោយមានលេសព្រះរាជាដែលជាបងថ្លៃចង់សម្លាប់ខ្លួន នាយកនបានរត់ចេញពីនគរទៅបង្កើតទ័ព ហើយក្បត់ស្ដេចដើម្បីវាយដណ្ដើមរាជ្យ។
ទោះបីយ៉ាងនេះក្ដី ការគ្រងរាជ្យរបស់ស្ដេចកនគឺមានរយៈកាលខ្លីប៉ុណ្ណោះ ដោយចុងបញ្ជប់នៃជីវិតនាយកនត្រូវប្អូនរបស់ព្រះបាទស្រីសុគន្ធបទ ដឹកនាំទ័ពមកវាយដណ្ដើមរាជ្យវិញ ហើយកាត់ករយកទៅដោយនៅមុខខ្លោងទ្វារចូលទីក្រុង កុំឲ្យអ្នកដទៃយកតម្រាប់តាម។   
ជាបន្តទៅទៀតយើងនឹងពិនិត្យមើលដំណើរដើមទងដែលនាំឲ្យកើតមាន ព្រឹត្តិការណ៍នេះម្ដង ដោយលោក ឃី ពិសី  ជាអ្នកអត្ថាធិប្បាយ។



ផ្អែកតាមឯកសាររាជពង្សាវតារបានសរសេរថា កាលដើមឡើយរាជធានីកម្ពុជាស្ថិតចតុមុខទេ តែដោយបាម្ភពីការយាយីរបស់សត្រូវ ព្រះបាទស្រីសុគន្ធបទ បានសម្រេចទៅតាំងរាជធានីនៅទួលបាសាន(ទឹកដីកំពង់ចាម)វិញ។ ក្នុងពេលជាមួយគ្នានោះព្រះអង្គបានទតឃើញនារីម្នាក់ឈ្មោះនាង (ឯកសារខ្លះថានាងពៅ) ទើបតំបន់នោះមានឈ្មោះថា ស្រុកសី្រសឈរ ដែលក្រោយមកទៀតបានក្លាយជា ស្រុកស្រីសន្ធរ មកដល់បច្ចុប្បន្ន។ នាងស​ នេះត្រូវបានព្រះរាជាទ្រង់ស្រលាញ់ហើយលើកជាស្នំឯកក្នុងរាជវាំង។
យោងតាមឯកសាររបស់លោក ត្រឹង ងា បានបញ្ជាក់ថានាងស មានប្អូនប្រុសម្នាក់ឈ្មោះ កៅ កន ដែលក្រោយមកត្រូវតែងតាំងជាមហាតលិក ហើយបន្តឡើងឋានៈជា ឃុនហ្លួងព្រះស្ដេចកន មាននាទីមើលខុសត្រូវលើពលទាំងអស់ និងលើកិរិយាមារយាទពលរដ្ឋទូទៅ។ នាយកន កើតឆ្នាំរោង នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងត្រកូលជាអ្នកងារនៃវណ្ណៈទាបបំផុតក្នុងសម័យនោះ ដោយមិនជាប់ពូជជារាជវង្សទេ។ ឪពុករបស់នាយកន នាមពិជ័យនាគ និងម្ដាយនាម នាងបាន មានឋានៈជាអ្នកបោសសម្អាតសំរាមនៅវត្ត។   
ផ្អែកតាមឯកសាររបស់លោក អាដេម៉ារ ឡឺក្លែរ (Adhémard Leclére) អតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជា សរសេរថា ក្រោយពីបានឡើងងាជាមន្ត្រីធំ និងម្យ៉ាងត្រូវជាប្អូនថ្លៃរបស់ព្រះរាជាផង នាយកនផ្ដើមភ្លេចកំណើតរបស់ខ្លួនជាពលព្រះវណ្ណៈទាប ហើយចាប់តាំងមាក់ងាយមន្ត្រីឯទៀតៗ ធ្វើឲ្យមន្ត្រីទាំងនោះនាំគ្នាស្អប់គុំគួនជាខ្លាំង។ 
ទោះបីស្ថិតក្នុងតំណែងនេះក្ដីតែនាយកន និងបងស្រីមិនទាន់ចាកផុតពីវណ្ណៈពលព្រះនៅឡើយទេ ព្រះរាជាពិតជាចង់លើកអ្នកទាំងពីរឲ្យផុតពីវណ្ណៈនេះដែរ ប៉ុន្តែនៅពេលព្រះអង្គពិគ្រោះយោបល់ជាមួយសេនាមន្ត្រី គឺច្បាប់មិនអនុញ្ញាតឲ្យមហាក្សត្រធ្វើបាននេះទេ ត្បិតនាយកន និងបងស្រីគឺមានកំណើតជាពលព្រះហើយ គឺជាប់ក្នុងឋានៈនេះ ៥ពាន់ឆ្នាំ ទោះស្ដេចផែនដីក៏មិនអាចបំពានបានដែរ។  ការឡើងបុណ្យស័ក្ដិពីក្មេងវត្ត ក្លាយជាមន្ត្រីធំយ៉ាងលឿនក្នុងវាំងតាមរយៈបងស្រីជាស្នំនេះធ្វើឲ្យនាយកនរៀបឬកក្លាយជាវណ្ណៈអភិជនមិនទាន់នោះទេ។
ថ្ងៃមួយក្នុងខែចេត្រ គ.ស ១៥០៨ នាពេលរាត្រី ព្រះរាជាព្រះបាទស្រីសុគន្ធបទ ទ្រង់បានយល់សុបិនឃើញ នគរកើតកលយុគ ដោយពលសេនាទាំងឡាយត្រូវសត្វនាគធំមួយដេញព្រួសពិសភ្លើងដាក់ ធ្វើឲ្យឆាបឆេះរាជធានី រួចនាគនោះបានឆក់យកស្វេតច្ឆត្រ(គ្រឿងរាជបល្ល៍ង្ក) ពាំទៅទិសខាងកើតបានទៅ។ ក្រោយភ្ញាក់ពីផ្ទុំ ទ្រង់បានកោះហៅព្រះឥសីមាហារាជ្យ និងហោរ៉ាពូកែៗ ក្នុងវាំងចូលគាល់​ ដោយបានអធិប្បាយអំពីសុបិននោះ។ 
ក្រោយពីបានគន់គូរ ក្រុមហោរ៉ាបានទួលព្រះអង្គថា នឹងមានមនុស្សកើតឆ្នាំរោងមកដណ្ដើមអំណាច ហើយទៅសោយរាជនៅទិសខាងកើត។ ពេលនោះព្រះបាទសុគន្ធបទភិតភ័យណាស់ ដោយព្រះអង្គនឹកឃើញដល់ ឃុនហ្លួងកន ដែលជាប្អូនថ្លៃកើតឆ្នាំរោងនេះដែរ ហើយការឆ្នើងឆ្មៃរបស់កន កន្លងមកបានធ្វើឲ្យនាម៉ឺនមន្ត្រីខឹងសម្បាណាស់ ទំនងក៏ជាសញ្ញាមួយបញ្ជាក់ថាអាចនឹងបង្ករគ្រោះថ្នាក់ដល់ព្រះអង្គដែរ។ 
ក្នុងឯកសារដដែលបានបញ្ជាក់ទៀតថា ដោយទ្រង់យល់ដូច្នេះ ក៏សម្រេចព្រះទ័យកម្ចាត់ហ្លួងកន នេះចេញឲ្យខានតែបាននៅវេលាថ្ងៃស្អែក តាមគម្រោងការ«បង់សំណាញ់»។ ផែនការនេះត្រូវបាននាងស ដែលជាស្នំលបស្ដាប់ឮ ហើយលួចប្រាប់នាយកនឲ្យដឹងជាមុន។ នាយកនកាលបើបានដឹងដំណឹងនេះភ្លាមមានចិត្តខឹងសម្បារណាស់ ប៉ុន្តែយ៉ាងណានាយកនត្រូវតែរត់ចេញឲ្យផុតពីល្បិចកំណាចនេះសិន ទើបអាចសងសឹកជាក្រោយ។
បន្ទាប់ពីរត់ចេញទៅ សំងំលាក់ខ្លួនក្នុងព្រៃមួយរយៈមក នាយកនបានទៅដល់ខេត្តបាភ្នំ (បច្ចុប្បន្នស្ថិតក្នុង ខេត្តព្រៃវែង)។ ក្នុងពេលនោះនាយកនបានសម្លាប់ចៅហ្វាយខេត្តបាភ្នំ ដោយអះអាងថាចៅហ្វាយខេត្តនេះក្បាត់ព្រះរាជា ហើយនិយាយទៅកាន់ពួកមន្ត្រីដែលកំពុងភិតភ័យថាខ្លួនមកនេះល្អទេ គ្រាន់តែដើម្បីអនុវត្តបញ្ជាមហាក្សត្រប៉ុណ្ណោះ។ មិនយូរប៉ុន្មាននាយកន បានកេណ្ឌទ័ពបានយ៉ាងច្រើន ដើម្បីវាយដណ្ដើមយករាជធានី។ នៅក្នុងបេសកកម្មដណ្ដើមអំណាចពីស្ដេច នាយកន មិនអល់អែកក្នុងប្រើល្បិចបោកប្រជារាស្ត្រឲ្យមកចុះចូលនឹងខ្លួននោះទេ ដោយសន្យាថា «នៅពេលខ្ញុំដណ្ដើមបានអំណាច ពលព្រះទាំងអស់នឹងទទួលបានសេរីភាព ហើយពួកអ្នកដែលបម្រើខ្ញុំនឹងក្លាយទៅជាមន្ត្រី»។
ផ្អែកតាមឯកសាររបស់លោក អាដាម៉ារ ឡឺក្លែរ បានសរសេរថា ពាក្យសម្ដីរបស់នាយកកន បានទាក់ទាញមន្ត្រី អ្នកភូមិអ្នកស្រុកឲ្យចុះចូលជាច្រើន​ ជាហេតុធ្វើឲ្យក្រុមបះបោនេះ បានទទួលបានជ័យជម្នះយ៉ាងលឿន រហូតព្រះរាជាដឹងភ័យបារម្ភខ្លាំង ដោយព្រះអង្គបានអញ្ញើញឪពុក និងបងស្រីនាយកន ជួយសុំឲ្យនាយកនមកវិញ ដោយមិនប្រកាន់ទោសព័យឡើយ ដោយសន្យាថានឹងលើកនាយកនឲ្យឡើងជាមន្ត្រីមានតំណែងធំជាងនេះទៅទៀត។ ក្រោយទទួលបានសំបុត្រពីបងស្រី និងឪពុកនាយកន នៅតែមិនបោះបង់គំនិតក្បត់នេះ ទោះបីជាបងស្រីខ្លួនអង្វរក្ដី ក៏នាយកននៅតែដឹកនាំទ័ពទៅវាយដណ្ដើមរាជ្យពីស្ដេចឲ្យខានតែបាន។   
ឆ្លងកាត់ការប្រយុទ្ធគ្នាជាច្រើសមរភូមិស្លាប់មនុស្សគរដូចភ្នំ នៅទីបំផុតស្ដេចកន ក៏ដណ្ដើមរាជ្យពីព្រះបាទស្រីសុគន្ធបទ ជាបងថ្លៃបានមែន។​ ក្នុងការដណ្ដើមរាជ្យនេះ នាយកន បានប្រើល្បិចឲ្យដៃជើងរបស់ខ្លួនឈ្មោះ ឳកម៉ឺន សុរិន្ទកែវ ទៅបង្កប់ខ្លួនក្បែរព្រះរាជា ហើយឆក់ឳកាសធ្វើគត់ស្ដេច នៅ គ.ស ១៥១២ ជាហេតុធ្វើឲ្យនាយកបានឡើងកាន់អំណាចបានយ៉ាងស្រួល។ 
ផ្អែកតា​មឯកសារលោក ត្រឹង ងា បានសរសេរថា ក្រោយធ្វើគត់មហាក្សត្របានហើយ អ្នកនៅសេសសល់ មានព្ររាជបុត្ររបស់ស្ដេច ព្រះនាមពញាយសរាជា (គឺជាបុត្ររបស់អ្នកម្នាងកេសរបុប្ផាជាបងស្រីស្ដេចកន) និងបរិវារមួយក្រុម បានភៀសទៅជ្រកកោនក្នុងប្រទេសសៀមជាមួយព្រះអង្គចន្ទរាជា ដែលជាប្អូនរបស់ព្រះបាទស្រីសុគន្ធបទ។ ត្រង់ចំណុចនេះគេអាចបញ្ជាក់ថា មូលហេតុដែលព្រះអង្គចន្ទរាជា ប្អូនបង្កើតរបស់ព្រះស្ដេចបានភៀសព្រះកាយទៅស្រុកសៀម គឺដោយហេតុចាញ់ល្បិចរបស់នាយកន កុហកថាព្រះមហាក្សត្រជាបងមានបំណងចង់សម្លាប់ខ្លួន ទើបព្រះអង្គចន្ទរាជា ភៀសព្រះកាយទៅស្រុកសៀម។
ងាកមកនាយកន វិញកាលបើបានកម្ចាត់អ្នកដែលប្រឆាំងខ្លួនចោលអស់ហើយ ក៏តាំងប្រកាសខ្លួនជាស្ដេចក្នុងអាយុ ២៩ឆ្នាំ នៅ គ.ស ១៥១២ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះស្រីជេដ្ឋាធិរាមាធិបតី ។ តាមឯកសារពង្សាវតាសរសេរថា បន្ទាប់ពីដណ្ដើមរាជ្យបានពេញដៃ ស្ដេចកន បានលើកបន្តុបបក្ខពួកជាច្រើន ឲ្យមានឋានៈក្នុងជួរាជការ។ ស្ដេចកនបានលើកឪពុកមារឈ្មោះ កៅ ឲ្យឡើងជាមេទ័ពធំឋានៈស្មើសម្ដេច ដែលជាឋានៈខ្ពស់បំផុតក្នុងប្រទេសកម្ពុជាសម័យបុរាណ រីឯអ្នកឯទៀតក៏ត្រូវបានគេប្រទានលាភយសស័ក្កិទៅតាមនោះដែរ។ ​  
នៅ គ.ស ១៥១៤ ព្រះស្ដេចកនដែលមាននាមថា ស្រីជេដ្ឋា បានផ្ដើមលើករាជធានីមកតាំងនៅ ទល់ដែនខេត្តត្បូងឃ្មុំ និងខេត្តបាភ្នំ ជាមួយបន្ទាយការពារយ៉ាងមាំ។​ ក្នុងពេលសោយរាជ្យដែលដណ្ដើមបាន ស្ដេចកន បានលើកលែងមិនឲ្យមានពន្ធអាករមួយរដូវតាមប្រពៃណី។ ក្រៅពីនេះស្ដេចកន បានកសាងវត្តអារ៉ាមជាច្រើន ហើយថែមទាំងបោះប្រាក់ស្លឹង សម្រាប់ឲ្យប្រជារាស្ត្រចាយក្នុងប្រទេសផងដែរ។ ព្រះរាជាអង្គនេះត្រូវបានគេតំណាលថា សព្វព្រះហឬទ័យនឹងល្បែងស្រី ទតររបាំ និងសម្លេងតន្ត្រីណាស់។ 
ក្នុងឯកសារលោកត្រឹង ងា បានរៀបរាប់ថាការសោយជារាជ្យរបស់ស្ដេចកនបានសុខសន្តិភាពតែ ៣ ឬ៤ឆ្នាំ ប៉ុណ្ណោះ សង្គ្រាមស៊ីវិលមួយដែលអូសពេលជិត១០ ឆ្នាំ បានផ្ទុះឡើងរវាង ព្រះអង្គចន្ទរាជា ជាប្អូនរបស់ព្រះបាទស្រីសុគន្ធបទ ដែលវិលត្រឡប់ពីស្រុកសៀម ដើម្បីច្បាំងដណ្ដើមរាជ្យពីស្ដេចកនវិញ។ 
ក្នុងសង្គ្រាមបង្ហូរឈាមខ្មែរនេះ មន្ត្រីស្មោះជាច្រើនរួមមានលោកតាពេជ្រ លោកតាឃ្លាំងមឿង បានបូជាជីវិតដើម្បីព្រះអង្គចន្ទរាជា ដែលអ្នកទាំងនេះចុងក្រោយបានក្លាយជាវិញ្ញាណតាមជួយសន្ថិតការពាររាស្ត្រខ្មែរហូតដល់បច្ចុប្បន្ន។ ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងនៅខេត្តពោធិ៍សាត់ លុះពេលបានមួយរយៈកម្លាំងទ័ពទាំងពីរគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់នោះទេ ដោយទឹកដីត្រូវបែងចែកជា ២ផ្នែក គឺព្រះចន្ទរាជាសោយរាជ្យនៅត្រើយខាងលិច ឯស្ដេចកនសោយរាជ្រនៅត្រើយខាងកើត។  
បន្តិចម្ដងៗ នគររបស់ស្ដេចកន ក៏ជួបវិបត្តិជាបន្តបន្ទាប់។ នៅចុងបញ្ជប់នៃសង្គ្រាម «ព្រះស្រីជេដ្ឋាស្ដេចកន» ត្រូវទ័ពព្រះអង្គច័ន្ទ ព័ទ្ធជាប់ក្នុងបន្ទាយ រួចវាយទន្ទ្រាន កាត់ព្រះសិរសា យកទៅដោតមុខបន្ទាយ ដើម្បីកុំឲ្យជនទូទៅ យក តម្រាប់តាម។ 
សរុបជារួមមកស្ដេចកន បានច្បាំងឡើងសោយរាជ្យពីឆ្នាំ ១៥០៨ ដល់ឆ្នាំ ១៥១២ នៃ គ.ស ហើយចូលទីវង្គតទៅនៅឆ្នាំ ១៥២៥ នៅបន្ទាយស្រឡប់ពិជ័យព្រៃនគរ។ 
ទោះបីយ៉ាងណាមកដល់បច្ចុប្បន្នមានជនអគតិមួយចំនួនបានបំភ្លៃព្រឹត្តិការណ៍ ជាហេតុធ្វើឲ្យពលរដ្ឋខ្មែរមានភាពភ័ន្តច្រឡំ។ អត្ថបទគ្រាន់តែជាតឹកតាងប្រវត្តិសាស្ត្រខ្លះៗ ដែលខ្ញុំព្រះករុណា បានដកស្រង់ប៉ុណ្ណោះ បើមានការខុសឆ្គងសូមបងប្អូនជនរួមជាតិមេត្តាអភ័យទោស៕ 

No comments :