ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ដំណើរផ្សងព្រេងនៅភ្នំ ១៥០០

No comments

 🆘 ប្រសិនបើ បងប្អូនជួបឧបសគ្គ ឬបញ្ហាដោយប្រការណាមួយ ក្នុងកំឡុងពេលស្នាក់នៅ ឬឡើងភ្នំ១៥០០ យើងខ្ញុំសង្ឃឹមថា អត្ថបទមួយនេះនឹងអាចជាចំណែកមួយសម្រាប់ជួយដោះស្រាយបងប្អូនបាន!


⛰ ភ្នំ១៥០០ ឬ ភ្នំ១០០៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រះរាជាណាចក្រកម្ពុជា!

🎬 ជាដំបូង សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូទស្សនីយភាពនាភ្នំ១៥០០ អមដោយបទចម្រៀងរបស់លោកតា ស៊ិន ស៊ីសាមុត ដោយមេត្រីភាព!

Link ទី១: https://youtu.be/OwuxZEKLl_4

Link ទី២: https://youtu.be/NhZMCNEyYl8


📚 នេះជាអត្ថបទដែលក្រុមការងាររបស់យើងខ្ញុំបានចុះទៅលេងតំបន់ភ្នំ១៥០០ ឬ ភ្នំ១០០៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ អត្ថបទនេះមានបង្ហាញពីទីតាំងភ្នំ ផ្លូវធ្វើដំណើរ ទីកន្លែងឈប់សំចត អាហារដ្ឋាន ទីកន្លែងស្នាក់នៅ រមណីយដ្ឋាន ទីសក្ការៈបូជា ស្ថានីយចាក់ប្រេង និងលេខទូរសព្ទទំនាក់ទំនងរកជំនួយក្នុងករណីយើងបានជួបនឹងបញ្ហា ឬឧបសគ្គអ្វីមួយ ក្នុងកំឡុងពេលធ្វើដំណើរឡើងភ្នំ។ តទៅនេះសូមប្រិយមិត្តចូលរួមអានអត្ថបទ និងទស្សនារូបភាពរបស់ក្រុមការងារយើងខ្ញុំដូចខាងក្រោម៖


📍ទីតាំង និងដំណាក់កាលធ្វើដំណើរ

មានចម្ងាយប្រមាណ ៣៣៥គ.ម ពីរាជធានីភ្នំពេញ, ភ្នំ១៥០០ ឬ ភ្នំ១០០៥ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព្រំប្រទល់ជាប់នឹងខេត្តបាត់ដំបង និង ខេត្តកោះកុង។ ជាតំបន់ទេសចរណ៍ធម្មជាតិខ្យល់អាកាសបរិសុទ្ធ ដែលមានជម្រាលភ្នំខ្ពស់ៗ តំបន់ទឹកធ្លាក់ ជ្រោះអូរ ទេសភាពតាមជួរភ្នំ ស្តាប់សម្លេងសត្វបក្សាបក្សី និងមានឱកាសបានឃើញសម្រស់ឥន្ធនូអមជាមួយនឹងទឹកសន្សើមផ្កាព្រៃដែលយើងអាចមើលឃើញបានយ៉ាងជិត ជាពិសេសមានផ្ទាំងទស្សនីយភាពជ្រោះជ្រងជ្រលងព្រៃភ្នំដ៏ស្រស់បំព្រង និងប្លែកភ្នែកជាច្រើនផ្សេងៗទៀតឥតគណនា។ ដើម្បីអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់វាលវែង (ភ្នំ១៥០០) ក្រុមការងាររបស់ Mountain បានធ្វើការដាក់គោលដៅចំនួន ៤ដំណាក់កាលក្នុងការកត់ចំណាំដូចតទៅ៖

-ដំណាក់កាលទី១: យើងចេញពីភ្នំពេញតាមផ្លូវជាតិលេខ៥អា (5A) ប្រមាណ ១៩០គ.ម នឹងទៅដល់ទីរួមខេត្តពោធិ៍សាត់។

បច្ចុប្បន្នយើងក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ១៣៨ បំបែកពីផ្លូវជាតិលេខ៥អា ត្រង់ចំណុចឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (មកដល់ចំណុចផ្សារសាលាលេខ៥ មានផ្លូវបែកជាបួន យើងបត់ឆ្វេងដៃមកផ្លូវជាតិលេខ១៣៨)។

-ដំណាក់កាលទី២: មកដល់ខេត្តពោធិ៍សាត់យើងត្រូវបត់ឆ្វេងចូលតាមផ្លូវជាតិលេខ១៤៨ (ផ្លូវឧកញ៉ា ឃ្លាំង មឿង) ប្រមាណ ៣០គ.ម រហូតឃើញរង្វង់មូលផ្សារដើមគរ ស្រុកភ្នំក្រវាញ ហើយយើងបត់ស្តាំតាមផ្លូវជាតិលេខ៥៥។

-ដំណាក់កាលទី៣: យើងត្រូវបន្តដំណើរតាមផ្លូវជាតិលេខ៥៥ ប្រមាណ ៨០គ.ម រហូតដល់រង្វង់មូលប្រម៉ោយ (មានរូបដំរី) យើងបន្តដំណើរទៅត្រង់តាមផ្លូវជាតិលេខ៥៥ នេះដដែល។

-ដំណាក់កាលទី៤: យើងចេញដំណើរពីរង្វង់មូលប្រម៉ោយ បានចម្ងាយផ្លូវប្រមាណ ៣០គ.ម យើងនឹងទៅដល់ចំណុចចាប់ផ្តើមនៃផ្លូវអន្ទង់អាំង ហើយជិះឡើងប្រមាណជា ៤គ.ម ទៀតប៉ុណ្ណោះ យើងនឹងដល់ចំណុចបញ្ចប់នៃផ្លូវអន្ទង់អាំងនេះ នៅទីនោះយើងអាចឈប់សំចតយានយន្ត ដើម្បីផ្តិតយករូបថតអមដោយទស្សនីយភាពសម្រស់ធម្មជាតិស្រស់បំព្រងនៃផ្លូវបត់កោងដូចអន្ទង់អាំង ឬ ផ្លូវបុប្ផាលាក់ខ្លួននាភ្នំ១៥០០។


📝 យើងអាចហៅឈ្មោះភ្នំនេះបានពីរ គឺភ្នំ១០០៥ (ហៅតាមផែនទីភូមិសាស្រ្តរបស់ទាហានកាលពីសង្គ្រាមជាមួយខ្មែរក្រហម) និង ភ្នំ១៥០០ (ហៅតាមការកំណត់កម្ពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកម្ពស់ពិតមិនមែន ១៥០០ម៉ែត្រទេ គឺ ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ ៩០០ម៉ែត្រ) រីឯឈ្មោះផ្លូវការដោយយោងតាមរយៈបង្គោលគីឡូម៉ែត្រនៅតាមដងផ្លូវជាតិលេខ៥៥ គឺត្រូវបានកំណត់យកឈ្មោះថា ភ្នំ១៥០០។

https://goo.gl/maps/TWsDBtarBXKH8M3u9


🅿️ អាហារដ្ឋាន កន្លែងស្នាក់នៅ និងរមណីយដ្ឋាន

-បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាចធ្វើការឈប់ចតសម្រាកស្រស់ស្រូបអាហារពេលព្រឹក ឬថ្ងៃត្រង់ នៅតាមបណ្តាភោជនីយដ្ឋានដូចជានៅជិតផ្សារឧត្តដុង្គ ទីរួមខេត្តកំពង់ឆ្នាំង ស្រុកក្រគរ ឬទីរួមខេត្តពោធិ៍សាត់ជាដើម។ល។

-ក្រោយពីបត់ចូលមកតាមផ្លូវជាតិលេខ១៤៨ និងផ្លូវជាតិលេខ៥៥ រហូតដល់រង្វង់មូលប្រម៉ោយ យើងនឹងបានឃើញផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវមានដាក់លក់អាហារសម្រន់ និងភេសជ្ជៈ អមដោយទេសភាពតាមដងផ្លូវដ៏ស្រស់ស្អាតគួរជាទីត្រជាក់ចិត្ត។


-ធ្វើដំណើរប្រមាណជា ៧គ.ម ប៉ុណ្ណោះពីរង្វង់មូលប្រម៉ោយ យើងនឹងបានឃើញភោជនីយដ្ឋាន សានីល និង បាងហ្គាឡូ ដ៏ស្រស់ស្អាតនៅខាងឆ្វេងដៃ (សូមបន្ថយល្បឿនពេលឃើញបង្គោលគីឡូម៉ែត្រលេខ១១៦)។ ហាងកាហ្វេ សានីល មានលក់ភេសជ្ជៈ និងម្ហូបអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាពិសេស គឺមានកន្លែងស្នាក់នៅជាលក្ខណៈផ្ទះបាងហ្គាឡូ (Bungalows) បន្ទប់មួយគ្រែមួយ អាចគេងបាន២នាក់ (ថែមកូនក្មេងម្នាក់ក៏បាន) មានចំណតរថយន្តផ្ទាល់ខ្លួន ទីធ្លាអង្គុយលេង និងកន្លែងអាំងសាច់ ដោយក្នុង១យប់តម្លៃ 40$ កាន់តែពិសេសយើងអាចធ្វើការជួលតង់សម្រាប់ស្នាក់នៅក្នុងតម្លៃ 15$ក្នុង១យប់ (បើមានតង់ខ្លួនឯងតម្លៃ 5$ក្នុង១យប់)។ បច្ចុប្បន្នកំពុងដំណើរការសាងសង់បន្ថែមនូវបន្ទប់ស្នាក់នៅ និងអាងហែលទឹកសម្រាប់ទទួលភ្ញៀវទេសចរណ៍។ បងប្អូនអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតផ្ទាល់តាមរយៈទូរសព្ទលេខ៖

093 43 33 51/093 43 33 52

Facebook’s Page:

https://www.facebook.com/Sanile-Coffee-105228884916369/


-បុប្ផាលាក់ខ្លួន រីសត ស្ថិតនៅលើផ្លូវជាតិលេខ៥៥ ក្បែរជើងភ្នំ១៥០០ (បង្គោលគីឡូម៉ែត្រលេខ១៣៤ និងស្ពានលេខ៣៤) រីសតដ៏ស្រស់ស្អាតនេះក៏មានអាងហែលទឹកធំ និងកន្លែងស្នាក់នៅដូចជា: ផ្ទះគេង 60$ក្នុង១យប់ (អាចគេងបាន ៨នាក់), តង់ធំ 35$ក្នុង១យប់ (អាចគេងបាន ៨នាក់), តង់តូច 15$ក្នុង១យប់ (អាចគេងបាន ២នាក់), បើមានតង់ខ្លួនឯងតម្លៃ 5$ក្នុង១យប់។ ទំនាក់ទំនងសាកសួរព័ត៌មានលម្អិតផ្ទាល់តាមរយៈទូរសព្ទលេខ៖

092 37 77 70/097 37 77 770

Facebook’s Page:

https://m.facebook.com/%E1%9E%94%E1%9E%BB%E1%9E%94%E1%9F%92%E1%9E%95%E1%9E%B6%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%BD%E1%9E%93%E1%9E%9A%E1%9E%B8%E1%9E%9F%E1%9E%8F-133319201464513/


-រីសត កូនភ្នំអន្លង់រាប An Lung Reab Mountain Resort (ធ្វើដំណើរចេញពីរង្វង់មូលប្រម៉ោយប្រមាណ ១៣គ.ម ឬស្ពានលេខ២៩) ក៏មានបន្ទប់សម្រាប់ស្នាក់នៅតម្លៃចាប់ពី 30$, 50$ ដល់ 168$ (ផ្ទះបាងហ្គាឡូ) យើងអាចធ្វើការជួលតង់សម្រាប់ស្នាក់នៅក្នុងតម្លៃ 15$ក្នុង១យប់ (បើមានតង់ខ្លួនឯងតម្លៃ 8$ក្នុង១យប់)។ នៅទល់មុខខ្លោងទ្វារចូលរីសត ក៏មានផ្ទះបងប្អូនប្រជាពលរដ្ឋយើងលក់ដូរបន្លែ ត្រី សាច់ គ្រឿងទេស និងប្រេងសាំង ដែលអាចសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍កាន់តែមានភាពល្អប្រសើរ។ ទំនាក់ទំនងសាកសួរព័ត៌មានលម្អិតផ្ទាល់តាមរយៈទូរសព្ទលេខ៖

081 69 39 55/088 84 57 699

092/098 30 79 83

Facebook’s Page:

https://www.facebook.com/profile.php?id=100057134243024


-ពេលយើងឡើងមកកាន់កំពូលភ្នំ ហើយពិបាកក្នុងការស្វែងរកកន្លែងស្នាក់នៅ បងប្អូនគ្រាន់តែធ្វើដំណើររកបង្គោលគីឡូម៉ែត្រលេខ១៥២ ភូមិសង្គមថ្មី ឬស្ពានលេខ៣៧ នោះបងប្អូននឹងបានឃើញរមណីយដ្ឋានមួយឈ្មោះថា ស្ទឹងកាច់។ រមណីយដ្ឋាននេះ បាននឹងកំពុងរៀបចំឲ្យមានការស្នាក់នៅជាលក្ខណៈបោះតង់ ឬប្រើប្រាស់តង់ផ្ទាល់ខ្លួនក៏បាន មានខ្ចុះជាប់មាត់អូរសម្រាប់គេងស្តាប់សម្លេងទឹកហូរយ៉ាងត្រជាក់ចិត្ត ចំណតយានយន្តនឹងត្រូវបានរៀបចំល្អប្រសើរ បន្ទប់ទឹកស្អាតមានអនាម័យ និងសេវាកម្មម្ហូបអាហារជាដើម។ល។ យើងក៏អាចជិះហួសមកលេងតំបន់ថ្មដាតូច ឬ ថ្មដាធំ ដែលទីនោះមានទឹកជ្រោះធ្លាក់យ៉ាងស្រស់ស្អាត និងអាចងូតទឹកលម្ហែកាយយ៉ាងសប្បាយរីករាយ។ កុំភ្លេចពេលយើងមកដល់ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៥២ និងស្ពានលេខ៣៧ សូមទំនាក់ទំនងសាកសួរព័ត៌មានលម្អិតផ្ទាល់តាមរយៈទូរសព្ទលេខ៖

087 29 06 63/015 71 11 22/096 38 93 746


🛐 ទីសក្ការៈគោរពបូជា

-ចេញពីចំណុចរង្វង់មូលប្រម៉ោយប្រមាណ ២២គ.ម យើងនឹងឃើញវត្តព្រះពុទ្ធប្រោសសត្វ ឬវត្តដីក្រហម និងខាងស្តាំដៃ ដែលមានរូបសំណាក់ព្រះពុទ្ធទ្រង់ចេញប្រោសសត្វ (រូបព្រះពុទ្ធឈរ) ទីអារាមនេះអាចឲ្យយើងឈប់សំចតរយៈពេលខ្លី និងធ្វើការអុជធូបបន់សុំសេចក្តីសុខពេលធ្វើដំណើរ (វត្តព្រះពុទ្ធប្រោសសត្វនេះមិនអនុញ្ញាតឲ្យយើងស្នាក់នៅឡើយ)។

-រូបសំណាក់លោកយាយម៉ៅ ស្ថិតនៅគីឡូម៉ែត្រលេខ១៤៨ នៅលើភ្នំ១៥០០ ខាងឆ្វេងដៃ (សូមបន្ថយល្បឿនពេលឃើញបង្គោលគីឡូម៉ែត្រលេខ១៤៧)។ ទីនេះមានកន្លែងអុជធូបសែនព្រេនផ្លែឈើជូនលោកយាយម៉ៅ ឬអ្នកតាម្ចាស់ទឹកម្ចាស់ដី ហើយក៏មានចំណតយានយន្ត និងបន្ទប់ទឹកសម្រាប់អនុញ្ញាតឲ្យយើងធ្វើការឈប់សម្រាករយៈពេលខ្លី។

-សាលាឆទាន (នៅតាមដងផ្លូវចាប់ពីរង្វង់មូលប្រម៉ោយ គឺមានសាលាឆទានសម្រាប់ឲ្យបងប្អូនភ្ញៀវទេសចរណ៍អាចឈប់សម្រាកយកកម្លាំង ឬស្រស់ស្រូបហូបអាហារ និងភេសជ្ជៈបាន)។


⛽️ ស្ថានីយប្រេងឥន្ធនៈវាលវែង

បើនិយាយពីស្ថានីយប្រេងឥន្ធនៈ ចាប់ចេញពីទីរួមខេត្តពោធិ៍សាត់មកតាមផ្លូវជាតិលេខ១៤៨ និងផ្លូវជាតិលេខ៥៥ គឺមានស្ថានីយចាក់ប្រេងដូចជាដេប៉ូតេលា និងស្ថានីយដទៃប្រមាណ ១០កន្លែងបាននឹងកំពុងដំណើរការ ដែលអាចឲ្យយើងឈប់សម្រាកចាក់ប្រេងយាន្តជំនិះបាន ក្នុងនោះក៏មានផ្ទះបងប្អូនប្រជាពលរដ្ឋរបស់យើងជាច្រើនបានធ្វើការដាក់លក់ជាប្រភេទសាំងដបផងដែរ។


⛑ ស្វែងរកជំនួយពេលជួបបញ្ហា ឬឧបសគ្គ 

ត្បិតនៅលើព្រៃភ្នំឆ្ងាយដាច់ពីទីប្រជុំជន និងមានភាពស្ងាត់ច្រងំ ប៉ុន្តែបើនិយាយពីសន្តិសុខវិញ គឺមានសុខសុវត្ថិភាពល្អណាស់...! ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅទីនោះចេះជួយយកអាសារ និងស្រឡាញ់រាប់អានគ្នា ជាក់ស្តែងដូចពួកខ្ញុំទាំងពីរនាក់ពិតជាមានសំណាងល្អ ក្នុងពេលវង្វេងផ្លូវហើយមិនអាចរកកន្លែងគេងបាន គឺបានជួបបងប្អូនប្រជាពលរដ្ឋចិត្តល្អនៅទីនោះជួយយកអាសារផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារយ៉ាងឆ្ងាញ់ពិសាទៀតផង... ឡូយត្រង់ដើរព្រៃសោះ បែរជាចង់ហូបត្រីបានត្រី ចង់ហូបមាន់បានមាន់ បានស្ងោរជ្រក់មាន់ និងត្រីរ៉ស់អាំងអំបិលទៀត…☺️!

-ទោះបីមានសុវត្ថិភាព និងសន្តិសុខល្អក្តី ក៏យើងគប្បីគួរមានការប្រុងប្រយត្នជាចាំបាច់… អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនបានមកលេងនៅតំបន់ភ្នំ១៥០០ ឬ ភ្នំ១០០៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយមានបញ្ហាដោយប្រការណាមួយពេលព្រឹក ឬពេលយប់ព្រលប់ អាចទំនាក់ទំនងសុំជំនួយមកលេខខាងក្រោមនេះបាន៖

-មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ (012 82 84 66),

(រថយន្តសាម៉ុយខេត្តពោធិ៍សាត់ 1353/0010)

-គ្លីនិក សុខ ឆុង រង្វង់មូលប្រម៉ោយ វាលវែង (016 65 26 56)

-គ្លីនិក ស៊ូ វាសនា ឃុំថ្មដា  (096 55 30 054)

-លោក ភារម្យ  (096 64 53 886) ទទួលបន្ទុកទីស្នាក់ការសន្តិសុខភ្នំ១៥០០ គីឡូម៉ែត្រលេខ១៤៧

-ប្អូន ណន នៅស្ពានលេខ៣៧  (087 29 06 63) អាចជួយនាំផ្លូវ រកទិញសាំង និងដោះស្រាយបញ្ហាវង្វេងផ្លូវ ឬអាចជួយទៅសណ្តោងម៉ូតូខូច

-បងស្រី ចន្ធី  (096 38 93 746) ខាងប្រាប់ផ្លូវ និងចាត់ចែងម្ហូបអាហារឆ្ងាញ់ៗ (រមណីយដ្ឋានស្ទឹងកាច់)

-បង ស៊ីថា  (015 71 11 22) ទទួលបន្ទុករមណីយដ្ឋានស្ទឹងកាច់

-បង នុត ណាប់  (096 81 52 659/097 74 91 699) អាចជួយជួសជុលម៉ូតូប្រើលេខអូតូ ត្រឹមផ្លូវអន្ទង់អាំង

-ជាង ញ៉ុល  (092 739 969) អាចជួសជុលម៉ូតូធំ (ម៉ូតូប្រើអំប្រីយ៉ា)

-បង គឹម ហ៊ុយ  (097 80 88 168/097 70 80 126) ជាងជួសជុលរថយន្ត អាចជួយសណ្តោងរថយន្តនៅតំបន់វាលវែង


🚨 យោបល់ និងសេចក្តីក្រើនរំឮករបស់យើងខ្ញុំ

-យើងគួរជ្រើសយកសម្ភារណាដែលចាំបាច់ត្រូវប្រើពេលធ្វើដំណើរកំសាន្តដោយការបោះតង់បែបនេះ។

-គួរប្រើប្រព័ន្ធទូរសព្ទស្មាត (Smart) និង មិត្តហ្វូន (Metfone) ព្រោះនៅតំបន់នោះមានសេវាអាចប្រើបាន។

-កុំភ្លេចដុំសាកថ្មទូរសព្ទ ឬ Power-bank ឬ អំពូលសូឡាប្រើពន្លឺព្រះអាទិត្យ ថ្នាំសង្កូវ និងសម្ភារពេទ្យបឋម។

-យើងគួរត្រួតពិនិត្យមើលពីចំណុះប្រេងសាំងយានយន្តរបស់យើងឲ្យបានម៉ត់ចត់ ឬព្យាយាមចាក់ប្រេងឲ្យបានពេញ។

-ពេលឈប់សម្រាកត្រូវឧស្សាហ៍ត្រួតពិនិត្យមើលកង់ម៉ូតូ រថយន្ត និងធុងទឹកស្អំ ជាដើម។ល។

-គួរមានសម្ភារជួសជុលម៉ូតូ ឬរថយន្តតាមខ្លួន ដូចជាពោះវៀនម៉ូតូ អាគុយ ឧបករណ៍កូនសោរផ្សេងៗ។

-គួរឈប់ចូលអុជធូប ឬសែនផ្លែឈើ នៅចំណតទីសក្ការៈបូជាដែលយើងខ្ញុំបានរៀបរាប់ខាងលើ

-ប្រសិនបើយើងទៅដល់ជើងភ្នំក្រោយម៉ោង ៦ល្ងាច សូមកុំព្យាមយាមបន្តដំណើរ សូមព្យាយាមរកកន្លែងស្នាក់នៅមួយយប់សិនដើម្បីសុវត្ថិភាពទាំងការបើកបរ និងការខូចយាន្តជំនិះ (ប្រសិនបើមានកិច្ចចាំបាច់មិនអាចខកខានបាន សូមធ្វើដំណើរដោយប្រុងប្រយត្ន និងគោរពល្បឿនកំណត់ឲ្យបានត្រឹមត្រូវ)។


🏁 ជាចុងក្រោយក្រុមការងារ ភ្នំ (Mountain) យើងខ្ញុំសូមអធ្យាស្រ័យនូវរាល់កំហុសឆ្គងដែលកើតមានរួមទាំងអត្ថបទ អក្ខរាវិរុទ្ធ រូបភាព និងការកាត់តវីដេអូជាដើម... ហើយក៏សូមទទួលយកនូវរាល់មតិកែតម្រូវ និងការណែនាំបន្ថែមពីប្រិយមិត្តទាំងឡាយដោយក្តីគោរពបំផុត។


👥 ក្រុមការងារយើងខ្ញុំសូមអភ័យទោសចំពោះការយករូបភាពមួយចំនួនរបស់ប្រិយមិត្តដែលបានទៅលេងនៅភ្នំ១៥០០ នេះមកបញ្ចូលបន្ថែមក្នុងអត្ថបទនេះ ព្រោះមានកន្លែងខ្លះយើងខ្ញុំពុំអាចចុះថតបានឡើយ។


យើងខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលអានអត្ថបទ និងទស្សនាវីដេអូរបស់ប្រិយមិត្ត ហើយសូមមេត្តាជួយគាំទ្រដោយការចុច Like និង Share ដើម្បីលើកទឹកចិត្តដល់ក្រុមការងារយើងខ្ញុំ។


ក្រុមការងារយើងខ្ញុំ នឹងព្យាយាមចុះទៅកាន់តំបន់ទេសចរណ៍នានា ដើម្បីផ្តិតយករូបភាពវីដេអូ ក៏ដូចជាសរសេរជាអត្ថបទជូនបងប្អូនមិត្តអ្នកអានបានស្គាល់ពីតំបន់ទេសចរណ៍របស់ប្រទេសខ្មែរយើង។


ដោយក្តីគោរពពីយើងខ្ញុំ!


✍️ អត្ថបទដោយ: ស្ការ (ភ្នំ)

🎥 រូបភាព និងវីដេអូដោយ: កំប្រ៉ុក (ភ្នំ)


#ភ្នំ១៥០០ #ភ្នំ១០០៥ #បង្គោលគីឡូម៉ែត #ផ្លូវជាតិលេខ១៣៨ #ផ្លូវជាតិលេខ១៤៨ #ផ្លូវជាតិលេខ៥៥ #រង្វង់មូលប្រម៉ោយ #ថ្មដា #ថ្មដាតូច #ថ្មដាធំ #ទីសក្ការៈគោរពបូជា #ស្ថានីយប្រេងឥន្ធនៈវាលវែង #ឃុំប្រម៉ោយ #ឃុំថ្មដា #ស្រុកវាលវែង #ពោធិ៍សាត់ #រីសតវាលវែង #ផ្លូវអន្ទង់អាំង #ផ្លូវបុប្ផាលាក់ខ្លួន #ទីស្នាក់ការសន្តិសុខភ្នំ១៥០០ #ពេទ្យវាលវែង #ពេទ្យថ្មដា #គ្លីនិកវាលវែង #គ្លីនិកថ្មដា #មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ #រថយន្តសាម៉ុយខេត្តពោធិ៍សាត់ #ជាងម៉ូតូវាលវែង #ជាងម៉ូតូធំវាលវែង #ជាងឡានវាលវែង #ម៉ូតូឡានខូចនៅវាលវែង


No comments :