ឯកសារ បច្ចេកទេសដាំដំណាំម្ទេស
ចុចទីនេះដើម្បីទាញយកឯកសារ ។
ម្ទេសមានរសជាតិហឹរក្រហាយពិបាកទំពារពិបាកលេប តែនៅខាងក្នុងរសជាតិក្រហល់ក្រហាយនោះមានបង្កប់ទៅដោយសារធាតុអាហារមានប្រយោជន៍ជាច្រើន ។ ជាពិសេសវាមានសារធាតុម្យ៉ាងពន្យារជរាភាព ធ្វើអោយមនុស្សស្ថិតនៅវ័យក្មេងបានយូរ ។
ម្ទេសជាអាហារគួរអោយចាប់អារម្មណ៍បំផុតព្រោះទោះបីជាវាមានរសជាតិហឹរពិបាកលេបក៏ដោយក៏នៅតែមានមនុស្សជាច្រើននិយមបរិភោគវាដែរ។ ម្ទេសមានសារធាតុប្រឆាំងនិងរ៉ាឌីកាល់សេរី (Free Radical) មានបេតាខែរ៉ូទីន និងវីតាមីន C ច្រើនជាងបន្លែបង្កាទូទៅ ។ ម្ទេសជាអាហារមានសសៃដល់ទៅ ៩.៩ក្រាម ក្នុង១០០ក្រាមដែលជាបរិមាណច្រើនបំផុតក្នុងចំណោមបន្លែទាំងនោះ ដោយគ្រាន់តែតិចជាង ត្រប់ចង្កោម ម្រះ និងស្តៅប៉ុណ្ណោះ ។
លើសពីនេះម្ទេសមានសារធាតុដ៏សំខាន់ម្យ៉ាងដែលហៅថា ខែបសៃស៊ីន (Capsiacin) ដែលមានតួនាទីជួយពន្យារជរាភាពធ្វើអោយមនុស្សក្មេងវ័យ រារាំងអាការរលាក និងជួយរំញោចដល់ចរាចរឈាម ។
កសិករ លៀ ម៉េងលី រស់នៅភូមិបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកមានបទពិសោធន៍ដាំម្ទេសបានផ្លែច្រើន ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្តាយរបស់គាត់តៗមក ។ នៅលើផ្ទៃដី ១០ អារ គាត់បេះម្តងបាន ២០ គីឡូក្រាម ជាសរុបបានផលចំនួន ២៤០-២៦០ គីឡូក្រាម ក្នុង ១ រដូវ។
១.ការរៀបចំដី និងការសាបគ្រាប់
មុនដាំ គាត់បានរៀបថ្នាលសាបកូនលើផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើថ្នាល គាត់បានជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី កប់ចូលក្នុងថ្នាល ។ គាត់បានយកគ្រាប់ពូជទិញពីផ្សារចំនួន ១ ខាំ ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល ។ ក្រោយពីសាប គាត់បានកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ។
២.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន
គាត់ភ្ជួរ រាស់ដីឲ្យម៉ដ្ឋល្មម រួចកាប់រណ្តៅដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ។ នៅក្នុងរណ្តៅនីមួយៗ គាត់បានប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ។ មុននឹងដកស្ទូង គាត់ស្រោចទឹកឲ្យជោគនៅលើថ្នាលដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស ។ ក្នុង ១ រណ្តៅ គាត់ដាំកូនម្ទេស ១ ដើម ដោយជ្រើសរើសតែដើមថ្លោសល្អ ។ ក្រោយពីដាំកូនហើយ គាត់កាត់ចំបើងធ្វើគម្រប រួចស្រោចទឹកឲ្យជោគ ។
៣.ការថែទាំ
ក្រោយពី ស្ទូងហើយ គាត់ស្រោចទឹក ១ ថ្ងៃ ២ ដង ។ ក្រោយពីកូនម្ទេសដុះរឹងប៉ឹង ស្មៅចាប់ផ្តើមដុះ គាត់បានធ្វើការជ្រុំដីដកស្មៅ ដើម្បីបំផុសដីឲ្យមានខ្យល់ចេញចូល ទឹកជ្រាបបានល្អ ។ ក្នុងការដាំម្ទេសនេះ គាត់ជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ ធ្វើឲ្យត្រួយរួញស្លឹក គាត់បានកំចាត់វាដោយរោយផេះនៅតាមគល់ ។ នៅពេលម្ទេសជិតចេញផ្កា គាត់បានដាក់ជីកំប៉ុស្តិកប់ចូលដីនៅក្បែរគល់ ។ ការគ្របគល់ធ្វើស្មៅ និងស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ ។
៤.ការប្រមូលផល
ក្រោយពី ដាំបានរយៈពេល ៤ ខែ គាត់ចាប់ប្រមូលផល ដោយបេះតែផ្លែទុំល្អ ឬក្រហមព្រឿងៗ ។ ការបេះផ្លែធ្វើឡើងរយៈពេល ១ អាទិត្យម្តង ។ គាត់បេះផ្លែម្ទេសម្តងបាន ២០ គីឡូក្រាម លើផ្ទៃដី ១០ អារ ។ ក្នុងមួយខួបជីវិត គាត់បេះបានប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម ។ តំលៃដែល គាត់លក់បានប្រែប្រួលពី ៤០០០-៥០០០ រៀលក្នុង១ គីឡូក្រាម ។ ក្នុងការដាំម្ទេសនេះ គាត់ចំណាយតែលើការទិញពូជតែម្តងប៉ុណ្ណោះ ការដាំក្រោយៗទៀត គាត់រក្សាទុកពូជដោយខ្លួនឯង ។
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន ៖
- រៀបចំថ្នាលបណ្តុះគ្រាប់ម្ទេសដោយ ប្រើជីលាមកសត្វពុកផុយ
- ត្រាំគ្រាប់ម្ទេសជាមួយទឹកក្តៅឧណ្ហៗ រួចយកទៅសាបនៅថ្នាល
- កាប់រណ្តៅដាំដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ដោយប្រើជីលាមកគោដាក់ទ្រាប់បាតរណ្តៅ
- ដកកូនម្ទេសដែលមានកំពស់ ១ តឹក និងមានដើមរឹងមាំ ឬ ដើមថ្លោសយកមកដាំ
- ថែទាំស្រោចទឹក និងជ្រុំបំផុសដី ដកស្មៅចោល
- កំចាត់ស្រមោចរោមត្រួយដោយប្រើផេះចង្ក្រានបាចគល់ម្ទេស
- ដាក់ជីកំប៉ុស្តិបំប៉ន គ្របគល់ស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment