ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ស្វែងយល់ពីដីសាធារណៈរបស់រដ្ឋ

No comments





---------------------
ដី​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ ​ ក្នុង​គោលដៅ​រក្សា និងបម្រើ​​ប្រយោជន៍​ជា​សា​ធារ​រណៈ​។​ ការ​ប្រើប្រាស់​ដី​ប្រភេទ​នេះ​ត្រូវ​បាន​រិ​ត​ត្បិត​ និង​មិន​អាច​ត្រូវ​បាន​ផ្តល់ ឬជួល​ក្នុង​ទម្រង់​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​បាន​ឡើយ​។​

ទោះបីយ៉ាងនេះ​ក្តី​ យោង​តាម​របាយការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​តែ​មាន​ដី​សាធារណៈ​របស់​រដ្ឋ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ជា​ថ្មី​ ទៅជា​ដី​ឯកជន​របស់​រដ្ឋ​ និង​យក​ទៅ​ធ្វើ​អាជីវកម្ម​ ដោយ​នីតិបុគ្គល​ឯកជន​។​ 
​ ដី​ទាំងនេះ​ រាប់​បញ្ចូល​ទាំង​ ដី​មាន​ប្រភព​ពី​ធម្មជាតិ​ (​ដូច​ជា​ ទន្លេ​ បឹងបួរ​ និង​ភ្នំ​)​ អចលនវត្ថុ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​ ក្នុង​គោលដៅ​ជាក់លាក់​ (​កំពង់​ផែ​ ផ្លូវដែក​ និង​ព្រ​លាន​យន្តហោះ​)​ អចលនវត្ថុ​ដែល​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​ (​ដូច​ជា​ ផ្លូវថ្នល់​ ផ្លូវលំ​ និង​សួនច្បារ​សាធារណៈ​)​ អចលនវត្ថុ​ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​ផ្តល់​សេវា​សាធារណៈ​ (​ដូច​ជា​ សាលារៀន​ មន្ទីរពេទ្យ​ និង​អគារ​រដ្ឋបាល​)​ តំបន់​ការពារ​ តំបន់​បុរាណវិទ្យា​ និង​ប្រវត្តិសាស្ត្រ​ និង​ទ្រព្យសម្បត្តិ​ផ្លូវការ​របស់​ខ្សែ​រាជវង្សានុវង្ស​។​

​ដី​សាធារណៈ​របស់​រដ្ឋ​មិន​អាច​ផ្លាស់​ប្តូរ​បានទេ​ បើសិនជា​វា​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់សាធារណៈ​ជន។​ទោះបីយ៉ាងនេះក្ដីយន្តការច្បាប់មួយចំនួន​ ត្រូវ​បានបង្កើត​ឡើង​ ដើម្បី​ឱ្យ​ដី​សាធារណៈ​របស់​រដ្ឋ​អាច​យក​ទៅ​ជួល​បាន​ តែមិន​អាច​យក​ទៅ​លក់​ ដោះ​ដូរ​ ផ្ទេរ​ ឬ​ចាត់ចែង​ផ្សេង​ទៀត​ទេ​។​

ការ​ជួល​ដី​សាធារណៈ​របស់​រដ្ឋ​ មិន​ត្រូវ​កែប្រែ​ ឬ​ធ្វើ​ឱ្យ​ខូចខាត​អចលនវត្ថុ​នោះដាច់ខាត ក្រៅពី​នេះ​ ដី​សាធារណៈ​របស់​រដ្ឋ​ មិន​អាច​យក​ទៅ​ជួល​សម្រាប់​រយៈ​ច្រើន​ជា​ង១៥​ ឆ្នាំ​ បាន​ឡើយ​។រដ្ឋ​ អាច​ដកហូត​ការ​ជួល​នោះ​បាន​នៅ​គ្រប់ពេលវេលា​ ដើម្បី​ការពារ​ដី​ និង​ថែរក្សា​ផលប្រយោជន៍​សាធារណៈ​របស់​ដី​នោះ​។​

ប្រសិនបើ​ដី​សាធារណៈ​របស់​រដ្ឋ លែងអាចបម្រើឱ្យប្រយោជន៍ហើយ ដី​នេះ​អាច​នឹង​ត្រូវ​យក​មក​ចាត់​ថ្នាក់​ឡើង​វិញ​ជា​ ​ដីឯកជន​របស់​រដ្ឋ​។​

យ៉ាងនេះ​ក្តី​ ដើ​ម្ប​អាចធ្វើ​កិច្ចការ​នេះ​បាន​ ដី​សាធារណៈ​របស់​រដ្ឋ​ត្រូវ​ចុះ​បញ្ជីសារពើភ័ណ្ឌ​របស់​រដ្ឋ​។​ ព្រះរាជក្រឹត្យ​ លេខ​ ៣៣៩​ ស្តី​ពី​គោលការណ៍​ណែនាំ​បណ្តោះអាសន្ន​ពាក់ព័ន្ធ​នឹង​ ការ​ធ្វើ​ចំណាត់ថ្នាក់​កម្មសិទ្ធិសាធារណៈ​របស់​រដ្ឋ​ និង​ អង្គភាព​សាធារណៈ​ ចែង​ថា​ ការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​ ត្រូវ​បាន​ធ្វើ​តាម​រយៈ​អនុក្រឹត្យ​។​

​ដោយហេតុផលខាងលើ មានក្រុមអ្នកមានអំណាចខ្លះបានធ្វើការចាត់ថ្នាក់ដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋក្រោម​រូបភាព​ជា​សម្បទាន​ដី​ សេដ្ឋកិច្ច​ សម្រាប់​វិស័យ​ក​សិ​-​ឧស្សាហកម្ម​សម្រាប់ជួល ។ ផ្អែកតាមរបាយការណ៍ដី​សាធារណៈ​របស់​រដ្ឋ​ទំហំ​ ៨៥០,០០០​ ហិច​តា​ ត្រូវ​បាន​ចាត់​ថ្នាក់​ឡើង​វិញ​នៅ​ចន្លោះ​ឆ្នាំ​ ២០០៨​ និង​ឆ្នាំ​ ២០១៣​ ។ ​ ពលរដ្ឋយល់ថាតំបន់់​ការពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​ ត្រូវ​បាន​យក​មក​ធ្វើ​ចំណាតថ្នាក់​ឡើង​វិញ​ដើម្បីសម្បទានទៅឱ្យក្រុមហ៊ុន ឬវិនិយោគ។
លើស​ពី​នេះ​ អង្គការ​ដដែល​នេះ​ បាន​អះអាង​ថា​ ការ​អនុវត្ត​ជា​ទូទៅ​ដោយ​សម្បទា​និក​ គឺ​កាប់​ឆ្ការ​ព្រៃឈើរ​ដួលរ​លំនៅ​ក្នុង​តំបន់​ការពារ​ ហើយ​បន្ទាប់​មក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ចាត់​ថ្នាក់​ដីធ្លី​ឡើង​វិញ​។​

 ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​បែប​នេះ​ នាំ​ឱ្យ​មាន​ជាក​ង្វ​ង់​នៅ​ក្នុង​ចំណោម​សង្គម​ស៊ី​វិល​ អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​អភិរក្ស​ធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។​

ឯកសារយោង
·         1. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (២០១៣) កម្ពុជា ៖ ជម្លោះដីធ្លី-ទិដ្ឋភាពទូទៅនៃស្ថានភាពដីធ្លី. http://cchrcambodia.org/admin/media/report/report/english/CCHR%20Report%20%20Cambodia%20Land%20in%20Conflict%20An%20Overview%20of%20the%20Land%20Situation%20ENG.pdf 
·         2. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣), មាត្រា ៥៨។ ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ១២ និង ១៥។ អនុក្រឹត្យលេខ ១២៩ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើចំណាត់ថ្នាក់ឡើងវិញលើកម្មសិទ្ធិសាធារណៈរបស់រដ្ឋ និងអង្គភាពសាធារណៈ (២០០៦), មាត្រា ៣។
·         3. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ១៦។
·         4. អនុក្រឹត្យលេខ ១២៩ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើចំណាត់ថ្នាក់ឡើងវិញលើកម្មសិទ្ធិសាធារណៈរបស់រដ្ឋ និងអង្គភាពសាធារណៈ (២០០៦), មាត្រា ១៦។
·         5. ដូចខាងយោងខាងលើ, មាត្រា ១៨។
·         6. ព្រះរាជក្រឹត្យ លេខ ៣៣៩ (ឆ្នាំ២០០៦) ស្តីពីស្តីពីគោលការណ៍ណែនាំបណ្តោះអាសន្នពាក់ព័ន្ធនឹងការធ្វើចំណាត់ថ្នាក់កម្មសិទ្ធិសាធារណៈរបស់រដ្ឋ និង អង្គភាពសាធារណៈ។
·         7. ដូចយោងខាងលើ។
·         8. តំណាងពិសេសរបស់អគ្គលេខាធិការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា. ឆ្នាំ២០០៧. សម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា៖ ទស្សនៈវិស័យមនុស្ស. រាជធានីភ្នំពេញ: ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. http://cambodia.ohchr.org/WebDOCs/DocReports/2-Thematic-Reports/Thematic_CMB12062007E.pdf 
·         9. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ឆ្នាំ២០១៣. កម្ពុជា ៖ ជម្លោះដីធ្លី-ទិដ្ឋភាពទូទៅនៃស្ថានភាពដីធ្លីទិដ្ឋភាពនៃស្ថានភាពដីធ្លី. http://cchrcambodia.org/admin/media/report/report/english/CCHR%20Report%20%20Cambodia % 20Land%20in%20Conflict%20An%20Overview%20of%20the%20Land%20Situation%20ENG.pdf.
·         10. ដូចយោងខាងលើ, ទំព័រ២៣។ អង្គការ អាដហុក. ឆ្នាំ២០១៣. ចំណុចរបត់? សិទ្ធិដីធ្លី លំនៅដ្ឋាន និងធនធានធម្មជាតិនៅកម្ពុជាឆ្នាំ ២០១២. រាជធានីភ្នំពេញ: អង្គការសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។
·         11. អង្គការ អាដហុក. ឆ្នាំ២០១៣. ចំណុចរបត់? សិទ្ធិដីធ្លី លំនៅដ្ឋាន និងធនធានធម្មជាតិនៅកម្ពុជាឆ្នាំ ២០១២. រាជធានីភ្នំពេញ: អង្គការសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។


No comments :