ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

បារាំង​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀត​ណាម​

No comments


100604_5a



អាណា​និគម​បារាំង បាន​កាត់​ទឹក​ដីក​ម្ពុជា​ក្រោម ​ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​ត្រួត​ត្រា មាន​រយៈ​ពេល ​៦១​ ឆ្នាំ​ហើយ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ២០១០ នេះ។ ប៉ុន្តែ​បើ​ទោះ​បី​ជា ៦១ ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្តី​ រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ​មួយ​នេះ នៅ​តែ​មាន​ភាព​ចម្រូង​ចម្រាស​នៅ​ឡើយ ទាំង​នៅ​ដែន​ដី​កម្ពុជា​ក្រោម ទាំង​នៅ​លើ​ឆាក​អន្តរ​ជាតិ អំពី​ជោគ​វាសនា​របស់​ខ្មែរ​កម្ពុជា​ក្រោម​។ បញ្ហា​ចម្រូង​ចម្រាស​នេះ​គឺ​ដោយ​សារ​តែ​មាន​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ គ្រប់​បែប​យ៉ាង និង​ការ​ប្រើ​នយោបាយ​រំលាយ​ពូជ​សាសន៍​ខ្មែរ ពី​សំណាក់​អាជ្ញាធរ​វៀត​ណាម ហើយ​ខ្មែរ​កម្ពុជា​ក្រោម ទ្រាំ​ទ្រ​មិន​បាន​ក៏​ប្រឹង​ងើប​បះ​បោរ​ប្រឆាំង​តវ៉ា។

ប្រវត្តិ​សាស្ត្រ តាម ​សៀវ​ភៅ និង​ឯក​សារ​មួយ​ចំនួន ​អាណា​និគម​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ចំនួន​ ២១​ ខេត្ត​-ក្រុង ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​ត្រួតត្រា តាម​រយៈ​ច្បាប់​ លេខ ៤៩- ៧៣៣ ដែល​បង្កើត​ឡើង ដោយ​អាណា​និគម​បារាំង​ខ្លួន​ឯង នៅ​ពេល​ដែល​បារាំង​ កំពុង​ដាក់​អាណា​និគម​ នៅ​លើ​ដែន​ដី​កូសាំង​ស៊ីន (​កម្ពុជា​ក្រោម​)។ 

ទោះ​យ៉ាង​ណា មិន​មែន​បារាំង កាត់​ទឹក​ដី​ខ្មែរ​ ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​ត្រួត​ត្រា​ ដោយ​ស្រួល​ៗ​នោះ​ទេ ក្រៅ​ពី​បង្ហូរ​ជន​ជាតិ​របស់​ខ្លួន​បន្តិច​ម្តង​ៗ ឲ្យ​ចូល​មក​តាំង​ទី​លំនៅ​ នៅ​លើ​ទឹក​ដី​នេះ វៀត​ណាម​បាន​ប្រឹង​ប្រែង និង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​កម្លាំង​ទ័ព និង​ការ​ទូត ដើម្បី​បាន​គ្រប់​គ្រង​នៅ​លើ​ទឹក​ដី​នេះ ​គួប​ផ្សំ​នឹង​ការ​ធ្វេស​ប្រហែស របស់​មេ​ដឹក​នាំ​ខ្មែរ​ កាល​ពី​សម័យ​នោះ​ផង​ដែរ​។ ទាក់​ទង​ទៅ​នឹង​លំហូរ​នៃ​ជន​ជាតិ​វៀត​ណាម មក​កាន់​ដែន​ដី​កម្ពុជា​ក្រោម បើ​តាម​ឯកសារ ដែល​ដាក់​បង្ហោះ​នៅ​តាម​ទំព័រ​វិបសាយ Wikipedia។ ដើម​ឡើយ វៀត​ណាម ​មិន​ទាន់​មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម​មាន​ចំនួន​ច្រើន​នៅ​ឡើយ​ទេ​។​

 ​លុះ​ដល់​ស្ដេច​ខ្មែរ​ជ័យ​ជេដ្ឋា​ទី​ ២ ​(គ្រង​រាជ្យ​ពី​ឆ្នាំ ១៦១៨ ដល់ ១៦២៨)​ បាន​រៀប​អភិសេក ជា​មួយ​បុត្រី​ស្ដេច​វៀត​ណាម ​ឈ្មោះ ង៉ុក វ៉ាង ធ្វើ​ជា​មហេសី​មក ជន​ជាតិ​វៀត​ណាម ​ក៏​ចាប់​ផ្ដើម​ទន្ទ្រាន​ចូល​មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម​ បន្ត​បន្ទាប់​គ្នា​រហូត​មក។ នៅ​ឆ្នាំ ១៦២៣ ស្ដេច​វៀត​ណាម ​បាន​បញ្ជូន​បេសកជន​មួយ​ក្រុម​ មក​ក្រាប​បង្គំ​សុំ​ស្ដេច​ខ្មែរ ឲ្យ​ឈប់​យក​ពន្ធ​អាករ​នានា​ ក្នុង​ភូមិ​ភាគ​ក្រុង «ព្រៃ​នគរ​» វៀត​ណាម​ «សៃហ្គន» និង​ក្រោយ​មក​ ប្តូរ​ទៅ​ជា​ទី​ក្រុង​ហូជីមិញ ដែល​ជា​កំពង់​ផែ​សមុទ្រ​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​បំផុត​ របស់​​ខ្មែរ។ ដោយ​ស្រឡាញ់​ និង​លង់​ក្នុង​កលល្បិច​មហេសី ស្ដេច​​ខ្មែរ​ជ័យជេដ្ឋា​ទី​ ២ ក៏​អនុញ្ញាត​តាម​ពាក្យ​សុំ​របស់​ស្ដេច​វៀត​ណាម។ តាំង​ពី​ពេល​នោះ​មក វៀត​ណាម​ ចាប់​ផ្ដើម​វាយ​លុក​យក​ទឹក​ដី​កម្ពុជា​ក្រោម​បន្តិច​ម្ដងៗ ​រហូត​ទាល់​តែ​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

បើ​តាម​លោក​ ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ព្រះ​ត្រពាំង​ កម្ពុជា​ក្រោម ​ ប្រទេស​បារាំង ដែល​មាន​មហិច្ឆតា គ្រប់​គ្រង​នៅ​ឥណ្ឌូចិន បាន​ប្រើ​នយោបាយ​មួយ​ ជា​មួយ​វៀត​មិញ ដែល​កាល​នោះ​ មាន​ឥទ្ធិ​ពល​ខ្លាំង ដើម្បី​ឲ្យ​ជួយ​ការ​ពារ​សិទ្ធិ​អំណាច​របស់​ខ្លួន នៅ​ឥណ្ឌូចិន​ជា​ថ្នូរ​នឹង​ការ​សម្រេច​កាត់​ទឹក​ដី​ខ្មែរ ចំនួន​ ២១ ខេត្ត​ក្រុង ទៅ​ឲ្យ​វៀត​ណាម ជា​ការ​លើក​ទឹក​ចិត្ត។ ក្រៅ​ពី​នេះ លោក​ថាច់​ សេដ្ឋា ដែល​ធ្លាប់​ចូល​រួម​ក្នុង​ចលនា​តស៊ូ​ខ្មែរ​ក្រោម ដើម្បី​រំដោះ​ទឹក​ដី ពី​អាជ្ញាធរ​វៀត​ណាម បាន​បញ្ជាក់​ថា៖«ទន្ទឹម​នឹង​នយោបាយ​ជា​មួយ​បារំាង វៀត​ណាម ក៏​បាន​ប្រើ​នយោ​បាយ «យក​ស្រី​ស្អាត​» ជា​ធ្នាក់​សម្រាប់​ភ្ជាប់​ទំនាក់​ទំនង​រវាង​ខ្មែរ និង​វៀត​ណាម​។ ព្រះ​បាទ​ជ័យ​ជេដ្ឋាទី ២ ព្រះ​អង្គ​បាន​រៀប​អភិសេក ជា​មួយ​ព្រះ​នាង ង៉ុក​ វ៉ាង​ បុត្រី​សេ្តច​វៀត​ណាម»។ 

លោក​ថាច់​ សេដ្ឋា ដែល​ធ្លាប់​បួស​ជា​ព្រះ​សង្ឃ ១៣ ព្រះ​វស្សា និង​បាន​រត់​មក​កាន់​ទឹក​ដី​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ១៩៨៦ ក្រោយ​ពី​ងើប​បះ​បោរ​មិន​បាន​សម្រេច​ ប្រឆាំង​នឹង​អាជ្ញាធរ​វៀត​ណាម​នោះ បាន​បញ្ជាក់​ទៀត​ថា សេ្តច​ខ្មែរ​ដែល​សោយ​រាជ្យ​ បន្ទាប់​ពី​ព្រះ​បាទ​ជ័យ ជេដ្ឋា​ទី ២ បាន​ទាម​ទារ​កាន់​កាប់​ដី​ខ្មែរ​ក្រោម ដែល​ជន​ជាតិ​វៀត​ណាម​ចូល​មក​រស់​នៅ​លើ​នោះ ត្រឡប់​មក​វិញ តែ​បុត្រី​សេ្តច​វៀត​ណាម បាន​បដិសេធ ហើយ​ទំនាស់ និង​ចម្បាំង​ដណ្តើម​ទឹក​ដី​ខ្មែរ​ក្រោម រវាង​ស្តេច​ខ្មែរ​ និង​វៀត​ណាម ក៏​ចាប់​ផ្តើម​ឡើង ចាប់​តាំង​ពី​ឆ្នាំ ១៦២៣-១៩៤៩ គឺ​មក​ទល់​នឹង​អាណា​និគម​បារំាង កាត់​ទឹក​ដី​ខ្មែរ​ក្រោម​ទៅ​ឲ្យ​វៀត​ណាម។

ចំណែក ព្រះ​អង្គ​ យឿន ស៊ិន ប្រធាន​សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ដើម​កំណើត នៅ​ស្រុក​បាយ​ឆៅ ខេត្ត​ឃ្លាំង​ និង​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម ចាប់​ដាក់​ពន្ធនាគារ​ ពីរ​លើក​ លើក​ទី ១ ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ និង​លើក​ទី ២ នៅ​ឆ្នាំ ១៩៨៣ ដោយ​សារ​តែ​ងើប​បះ​បោរ ​ប្រឆាំង​នឹង​ការ​ជិះ​ជាន់ ពី​សំណាក់​អាជ្ញាធរ​វៀត​ណាម​នោះ បាន​មាន​សង្ឃ​ដីកា​ថា៖ «ជាតិ​យើង​ទន់​ខ្សោយ ខ្វះ​អ្នក​ដឹក​នាំ អ្នក​អវិជ្ជា​មាន​ច្រើន ជាង​អ្នក​មានវិជ្ជា។ បារាំង​បាន​ចាញ់​បោក​វៀត​ណាម​ បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម​ឲ្យ​វៀត​ណាម បារាំង​យល់​ថា ខ្មែរ​គ្មាន​សមត្ថភាព ធ្វើ​ឲ្យ​ស្រុក​ទេស​រីក​ចម្រើន បើ​ប្រគល់​ឲ្យ​វៀត​ណាម អាច​នឹង​ធ្វើ​ឲ្យ​ប្រសើរ និង​ចំណេញ​ទំនាក់​ទំនង​ល្អ​ ជា​មួយ​វៀត​ណាម​ថែម​ទៀត​»។ 

ព្រះ​អង្គ​ យឿន ស៊ិន ដែល​មាន​ព្រះ​ជន្ម ៧៥ វស្សា បាន​មាន​សង្ឃ​ដីកា ​បញ្ជាក់​ទៀត​ថា៖ «វៀត​ណាម ​ក៏​បាន​យក​ស្រី ​និង​ស្រា សម្រាប់​ទាក់​ទាញ​បារំាង​ផង​ដែរ។​ ម្យ៉ាង​ទៀត​វៀត​ណាម ពូកែ​លុត​ក្រាប រណែប​រណប​ជា​មួយ​បារំាង ដោយ​ឲ្យ​បារំាង​មើល​ឃើញ​ខ្មែរ​មិន​ល្អ ហើយ​ទុក​ចិត្ត​គេ ដើម្បី​កាត់​ទឹក​ដី​ខ្មែរ​ក្រោម​ឲ្យ​គេ​»

លោក​បណ្ឌិត ​រស់​ ចន្ត្រា​បុត្រ សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ប្រវត្តិ​វិទូ​ខ្មែរ បាន​ថ្លែង​ថា ៖«មូល​ហេតុ​ដែល​នាំ​ឲ្យ​បារាំង កាត់​ទឹក​ដី​កម្ពុជា ប្រគល់​ទៅ​ឲ្យ​វៀត​ណាម កក្តា​ធំ​បំផុត​ គឺ​ដោយ​សារ​តែ​មាន​ការ​វាយ​លុក​ពី​ក្រុម​វៀត​មិញ (​កុម្មុយ​និស្ត​វៀត​ណាម​ខាង​ជើង) ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង បាន​ផ្លាស់​ប្តូរ​ឥរិយាបថ ចំពោះ​កម្ពុជា ក៏​ដូច​ជា​កម្ពុជា​ក្រោម។ 

គេ​ឃើញ​ថា ក្រោយ​សង្គ្រាម​លោក​លើក​ទី​ ២ ប្រទេស​បារាំង បាន​ចុះ​ទន់​ខ្សោយ នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​នៅ​ឥណ្ឌូចិន ហើយ​នៅ​ក្នុង​ពេល​នោះ ពួក​យៀក​មិញ ដែល​ដឹក​នាំ​ដោយ ហូ ជីមិញ បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​លុក ដែល​ធ្វើ​ឲ្យ​បារាំង​ភ័យ​ព្រួយ»។ លោក​បញ្ជាក់​ទៀត​ថា ​នៅ​ពេល​នោះ បារាំង​គ្មាន​កម្លាំង​គ្រប់​គ្រាន់​ ដើម្បី​ទប់​ទល់​ជា​មួយ​នឹង​ការ​វាយ​លុក​របស់​វៀត​ណាម​ខាង​ជើង​ទេ ដូច្នេះ បារាំង​បាន​រៀប​ចំ​បំបែក​វៀត​ណាម​ ឲ្យ​បែង​ចែក​ជា​ពីរ គឺ​វៀត​ណាម​ខាង​ជើង (កុម្មុយ​និស្ត ហូ ជីមិញ) និង​វៀត​ណាម​ខាង​ត្បូង (ស្តេច​បាដាយ) ​ហើយ​ដើម្បី​ឲ្យ​វៀត​ណាម​ខាង​ត្បូង រៀប​ចំ​កង​ទ័ព​មាន​កំលាំង​គ្រប់​គ្រាន់​ជា​ប្រទេស​មួយ ដើម្បី​អាច​វាយ​ទប់​ទល់​ ជាមួយ​វៀត​ណាម​ខាង​ជើង បារាំង​បាន​ប្រគល់ ទឹក​ដី​កម្ពុជា​ក្រោម​ ទៅ​ឲ្យ​វៀត​ណាម​ខាង​ត្បូង​ធ្វើ​ជា​ថ្នូរ។

ខ្មែរ​ កម្ពុជា​ក្រោម ខ្មែរ​កម្ពុជា​ក្រោម គឺ​ជា​ជន​ជាតិ​ខ្មែរ រស់​នៅ​តាម​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ក្រោម មាន​ពណ៌​សម្បុរ ​ប្រពៃណី​ ទំនៀម​ទម្លាប់ កាន់​ព្រះពុទ្ធ​សាសនា និយាយ​ភាសារ​ខ្មែរ ប្រើ​អក្សរ​សាស្ត្រ​ខ្មែរ ដូច​ខ្មែរ​កណ្តាល​យើង​ដែរ​។ តាម​ឯកសារ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ឆ្នាំ​ ២០០៦ ​បាន​អះ​អាង​​ថា ទឹក​ដី​កម្ពុជា​ក្រោម ២១ ​ខេត្ត​ក្រុង មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​កំពុង​រស់​នៅ ប្រមាណ​ជាង ១៣ លាន​នាក់ និង​មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ជាង ៥០០ វត្ត។ ប៉ុន្តែ​បើ​តាម​ឯកសារ ដែល​ដាក់​បង្ហោះ​ នៅ​តាម​ទំព័រ​វិបសាយ Wikipedia យោង​ទៅ​តាម​តួ​លេខ របស់​រដ្ឋាភិបាល​វៀត​ណាម​ ដែល​បាន​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ ១៩៩៩ មាន​ពល​រដ្ឋ​ខ្មែរ​ក្រោម ចំនួន ១ ០៥៥ ១៧៤ នាក់ កំពុង​រស់​នៅ​ក្នុង​ប្រទេស​វៀត​ណាម។

បញ្ហា​ខ្មែរ​ក្រោម​នៅ​មិន​ទាន់​ចប់ តាម ​ឯកសារ​និង​សេច​ក្តី​រាយ​ការណ៍​នានា​ចាប់​តាំង​ពី​អាណា​និគម​បារាំង បាន​ប្រគល់​ទឹក​ដី​កម្ពុជា​​ក្រោម ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​ត្រួត​ត្រា ចាប់​តាំង​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ​ ១៩៤៩ មក អាជ្ញាធរ​វៀត​ណាម បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​រំលាយ​ពូជ​សាសន៍​ខ្មែរ តាម​រយៈ​ការ​លុប​បំបាត់​ជំនឿ​សាសនា អក្សរ​សាស្ត្រ ប្រពៃណី​ ទំនៀម​ទម្លាប់ ​បង្ខំ​ឲ្យ​ខ្មែរ​ក្រោម​ ស្លៀក​សម្លៀក​បំពាក់​វៀត​ណាម ពាក់​ដួន និង​រឹប​អូស​យក​ដី​ធ្លី ព្រម​ទាំង​ធ្វើ​ការ​គាប​សង្កត់​ ទៅ​លើ​សិទ្ធិ​សេរី​ភាព​គ្រប់​បែប​យ៉ាង ធ្វើ​ឲ្យ​មាន​ការ​ប្រឆាំង​ តវ៉ា​យ៉ាង​ផ្តាច់​ផ្តិល​ជីវិត ពី​សំណាក់​ខ្មែរ​ក្រោម ហើយ​អាជ្ញាធរ​វៀត​ណាម បាន​ធ្វើ​ការ​បង្ក្រាប ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ជា​ច្រើន ត្រូវ​បាន​សម្លាប់​ និង​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

លោក ​ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា៖ «​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៤៩ មក អាជ្ញាធរ វៀត​ណាម បាន​ប្រើ​យុទ្ធ​សាស្រ្ត រំលាយ​ពូជ​សាសន៍​ខ្មែរ​ក្រោម ហើយ​ខ្មែរ​ក្រោម បាន​ងើប​បះ​បោរ​ជា​ច្រើន​លើក ដើម្បី​បណ្តេញ​វៀត​ណាម ចេញ​ពី​កម្ពុជា​ក្រោម​វិញ។ ការ​ងើប​បះ​បោរ​ជា​ច្រើន​លើក​នេះ ​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ បញ្ញវន្ត​ខ្មែរ​ រាប់​ពាន់​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន បញ្ជូន​ទៅ​ឃុំ​ឃាំង ក្នុង​ពន្ធ​នាគារ ហើយ​មួយ​ចំនួន ​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​រហូត​ដល់​ស្លាប់ មេ​ចលនា​ធំ​ៗ របស់​ខ្មែរ​ក្រោម ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម ចាក់​ថ្នាំ​សម្លាប់​ក្នុង​ពន្ធ​នាគារ សាលា​រៀន និង​វត្ត​អារាម​ខ្មែរ​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ ឬ​យក​ទៅ​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​សត្វ»

ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ​ ទើប​ខ្មែរ​កម្ពុជា​ក្រោម​ ​ដែល​រួច​រស់​ជីវិត​ រត់​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា​ក្រោម មក​កាន់​ប្រទេស​កម្ពុជា និង​ទៅ​កាន់​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ​នៅ​លើ​ពិភព​លោក បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា ​ទៅ​លើ​រដ្ឋា​ភិបាល​វៀត​ណាម ហើយ​បាន​បង្កើត​ជា​ចលនា​តស៊ូ​មួយ​ចំនួន។ ​ក្រោយ​មក បាន​រួម​គ្នា​បង្កើត​ជា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​អន្តរ​ជាតិ UNPO (អង្គការ​តំណាង​ប្រទេស ដែល​គ្មាន​អាសនៈ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ) ដើម្បី​ធ្វើ​ការ​តស៊ូ​តាម​ផ្លូវ​ច្បាប់ ទាម​ទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង នៅ​លើ​ទឹក​ដីក​ម្ពុជា​ក្រោម ដែល​ស្ថិត​នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​វៀត​ណាម​បច្ចុប្បន្ន។ នៅ​ក្នុង​លិខិត​ជូន​ពរ​មួយ របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃ​ទី ៩ ខែ​មេសា ឆ្នាំ ២០១០ ដែល​ដាក់​ចំណង​ជើង​ថា «ដំណើរ​ឆ្ពោះ​ទៅ​កាន់​មាតុ​ភូមិ» ត្រង់​ឃ្លា​មួយ បាន​បញ្ជាក់​ប្រាប់​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម និង​នៅ​ជុំ​វិញ​ពិភព​លោក​​ថា «​យើង​ជា​ម្ចាស់​ស្រុក ដូច​នេះ ត្រូវ​តែ​មាន​សិទ្ធិ​រស់​នៅ​ពេញ​មុខ​ពេញ​មាត់​ ដូច​ជាតិ​សាសន៍​នានា លើ​ពិភព​លោក​ដែរ ដូច្នេះ យើង​ត្រូវ​តែ​មាន​ស្មារតី​ជាតិ សាមគ្គី​រួប​រួម ស្មោះ​ត្រង់​បម្រើ​ជាតិ នៅ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ពេល​ជាតិ​ត្រូវ​ការ»

 លិខិត​ក៏​បាន​រៀប​រាប់​ពី​សកម្មភាព​ និង​ផែន​ការ ដែល​សហ​ព័ន្ធ​នេះ ហៅ​ថា «ផែន​ការ​ឆ្ពោះ​ទៅ​កាន់​មាតុ​ភូមិ ដើម្បី​កែ​ប្រែ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​ក្រោម​នឹម​អាណា​និគម​វៀត​ណាម​» នោះ​ផង​ដែរ។
មិន​អាច​ ទាក់​ទង​លោក​ទ្រិញ បាកឹម អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​វៀត​ណាម ប្រចាំ​នៅ​កម្ពុជា ដើម្បី​អធិប្បាយ​ពី​បញ្ហា​ប្រវត្តិ​សាស្ត្រ និង​ការ​ចោទ​ប្រកាន់​នានា ​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ទៅ​លើ​ខ្មែរ​កម្ពុជា​ក្រោម​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ដោយ​ទូរស័ព្ទ​របស់​លោក បាន​រោទ៍​ជា​ច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ នា​ពេល​កន្លង​មក​ រដ្ឋា​ភិបាល​វៀត​ណាម តែង​តែ​ធ្វើ​ការ​បដិសេធ ​នូវ​រាល់​សេចក្តី​រាយ​ការណ៍​និង​ការ​ចោទ​ប្រកាន់​ ស្តី​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ទៅ​លើ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ថា​ ខ្មែរ​កម្ពុជា​ក្រោម មិន​មែន​ជា​ជន​ជាតិ​ដើម​នោះ​ទេ គឺ​គ្រាន់​តែ​ជា​ជន​ជាតិ​ភាគ​តិច​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​វៀត​ណាម បាន​យក​ចិត្ត​ទុក​ដាក់​ទំនុក​បំរុង ដូច​ពលរដ្ឋ​វៀត​ណាម​ផង​ដែរ។ 

បើ​តាម​ទំព័រ​វិប​សាយ របស់​សារ​ព័ត៌​មាន​ព្រៃ​នគរ នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ របស់​អង្គការ​សហ​ប្រជា​ជាតិ ស្តី​ពី​សិទ្ធិ​ជន​ជាតិ​ដើម​នៅ​ជុំវិញ​ពិភព​លោក ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​មេសា​ឆ្នាំ ២០១០ ​លោក​ស្រី​ហ័ង​ ធី​ថាញ់​ង៉ា លេខា​ធិការ​ទី ២ នៃ​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ទី ៣ របស់​សាធារណ​រដ្ឋ​ សង្គម​និយម​វៀត​ណាម ប្រចាំ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​បដិសេធ​ ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នានា ទាក់​ទង​នឹង​បញ្ហា​ខ្មែរ​ក្រោម​ថា ផ្អែក​លើ​ព័ត៌មាន​ប្រឌឹត​ និង​បំភ្លៃ​ផ្ទុយ​អំពី​សកម្ម​ភាព ដែល​រដ្ឋា​ភិបាល​វៀត​ណាម បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ជន​ជាតិ​ភាគ​តិច នៅ​ក្នុង​ប្រទេស​វៀត​ណាម។ ​លោក​ស្រី​ហ័ង​ ធី​ថាញ់​ង៉ា​បាន​ចោទ​ថា ៖ «ពួក​បុគ្គល «សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម» មិន​មែន​ជា​តំណាង​ជន​ជាតិ​ភាគ​តិច​ណា​មួយ នៅ​ក្នុង​ប្រទេស​វៀត​ណាម​ទេ។ 

ពួក​នេះ ធ្វើ​សកម្មភាព​នយោបាយ​ដើម្បី​បំបែក​រដ្ឋ​»
ទោះ​ជា​យ៉ាង​ណា លោក​បណ្ឌិត ​រស់​ ចន្ត្រា​បុត្រ បាន​ថ្លែង​ថា រឿង​បារាំង​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ប្រគល់​ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​ត្រួត​ត្រា កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុ​នា ឆ្នាំ ១៩៤៩ គឺ​បាន​ក្លាយ​ទៅ​ជា​រឿង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​មួយ ហើយ​សៀវ​ភៅ​ប្រវត្តិ​សាស្ត្រ​វៀត​ណាម​ខ្លះ ក៏​បាន​សរសេរ​ទទួល​ស្គាល់​ដែរ «​ដូច្នេះ វៀតណាម​ មិន​អាច​កាឡៃ​ប្រវត្តិ​សាស្ត្រ​នេះ​បាន​ទេ។ កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹក​ដី​ខ្មែរ»

សុំ​កំណត់​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ជា​ទិវា​បុណ្យ​ជាតិ
កាល ​ពី​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ ២០១០ តំណាង​រាស្ត្រ​គណ​បក្ស​សម រង្ស៊ី ចំនួន ១០ រូប បាន​ដាក់​លិខិត​ថ្វាយ​ព្រះ​មហា​ក្សត្រ សម្តេច​ព្រះ​បរម​នាថ នរោត្តម​សីហមុនី ទូល​សូម​កំណត់​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ទី ៤ ខែ​មិថុនា ដាក់​ក្នុង​ប្រតិ​ទិន​ប្រចាំ​ឆ្នាំ ជា​ថ្ងៃ​បុណ្យ​ជាតិ នៃ​ទិវា​កាន់​ទុក្ខ។

នៅ​ក្នុង​លិខិត​របស់​តំណាង​រាស្ត្រ​គណ​បក្ស​ ប្រឆាំង បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៤៩ រដ្ឋា​ភិបាល និង​រដ្ឋ​សភា​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ចំនួន ២១ ខេត្ត​ក្រុង ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​ត្រួត​ត្រា​ដោយ​ខុស​ច្បាប់ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​កាត់​ផ្តាច់​រាល់​ការ​ទទួល​ខុស​ត្រូវ និង​ការ​ទាក់​ទងពី​ការ​គ្រប់​គ្រង របស់​ប្រទេស​កម្ពុជា ហើយ​ទៅ​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង តាម​បែប​អាណា​និគម និង​ប្រព័ន្ធ​ផ្តាច់​ការ ដោយ​មាន​ការ​គាប​សង្កត់​គ្រប់​បែប​យ៉ាង ពី​សំណាក់​អាជ្ញាធរ​វៀត​ណាម ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រស់​នៅ​រង​ទុក្ខ​ខ្លោច​ផ្សា ទទួល​រង​ការ​ឈឺ​ចាប់​ឥត​មាន​ពេល​ល្ហែ ដូច​កូន​កំព្រា​ម្តាយ។ គណ​បក្ស​សម រង្ស៊ី បាន​លើក​ឡើង​ថា ៖ «ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ចង​ចាំ​នូវ​ប្រវត្តិ​សាស្ត្រ​ដ៏​ជូរ​ចត់​ មិន​អាច​បំភ្លេច​បាន​របស់​ខ្មែរ​ក្រោម ទើប​ពួក​ទូល​ព្រះ​បង្គំ បាន​ទូល​សុំ​ឲ្យ​ព្រះ​អង្គ មេត្តា​ដាក់​បញ្ចូល​ថ្ងៃ​ទី ៤ ខែ​មិថុនា ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ សម្រាប់​ឲ្យ​មន្ត្រី​រាជ​ការ និង​ប្រជា​ពលរដ្ឋ​ខ្មែរ បាន​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ទាំង​អស់​គ្នា»

ប៉ុន្តែ ​ លោក​ ទិត សុធា អ្នក​នាំ​ពាក្យ អង្គ​ភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​ប្រកាន់​ជំហរ​សោក​ស្តាយ ចំពោះ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម ដែល​បារាំង​ បាន​កាត់​ទឹក​ដី​នេះ​ ទៅ​ឲ្យ​ប្រទេស​វៀត​ណាម​។ លោក​ថ្លែង​ថា​៖ «ខ្មែរ​ក្រោម ​វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​វៀត​ណាម​ទៅ​ហើយ យើង​អាណិត​អាសូរ ស្រឡាញ់​ទឹក​ដី​យើង​ណាស់ តែ​យើង​ក៏​មិន​អាច​ធ្វើ​សកម្មភាព​ទាម​ទារ​ណា​មួយ ដើម្បី​យក​កម្ពុជា​ក្រោម​មក​វិញ​បាន​ដែរ»។ 

ទោះ​យ៉ាង​ណា​លោក​ទិត សុធា បាន​ទទួល​ស្គាល់​ថា ការ​រំឭក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម គឺ​ធ្វើ​ឲ្យ​យើង​ចង​ចាំ​ទៅ​អនាគត​ នូវ​ការ​ដឹក​នាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ថែរក្សា​ការ​ពារ​បូរណភាព​ទឹក​ដី​ ជៀស​វាង​ការ​បាត់​បង់​ទឹក​ដី​ដោយ​ប្រការ​ណា​មួយ ប៉ុន្តែ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ជ្រើស​យក​ថ្ងៃ​ទី ៤ ខែ​មិថុនា ​បញ្ចូល​ទៅ​ក្នុង​ប្រតិទិន ជា​ថ្ងៃ​បុណ្យ​ជាតិ​ទេ ព្រោះ​យើង​មាន​ថ្ងៃ​បុណ្យ​ជាតិ​ជា​ច្រើន​ហើយ​។ លោក​ថ្លែង​ថា ៖ «ការ​មិន​ដាក់​ថ្ងៃ​ ៤ មិថុនា ចូល​ទៅ​ក្នុង​ប្រតិទិន​សម្រាប់​បុណ្យ​ជាតិ នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម គឺ​មិន​មែន​មាន​ន័យ​ថា ​យើង​មិន​គោរព​ស្រឡាញ់​ពលរដ្ឋ​កម្ពុជា​ក្រោម​នោះ​ទេ​»​
ប្រែ​សម្រួលៈ ជាវង់ សុគារិទ្ធ

សម្រួលអត្ថបទដោយ ឃី ពិសី

សូមចុចទីនេះដើម្បីចែករំលែកបន្ត....



No comments :