ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

អ្នកបម្រើ និងឆ្កែកំណាច

No comments

បម្រើស្ដេច១០ឆ្នាំ ខុសម្ដងទទួលទោសប្រហារជីវិតឲ្យឆ្កែស៊ី តែឆ្កែមិនហ៊ានស៊ី ព្រោះហេតុផល១


រឿង​មួយ​តំណាល​ថា ​មាន​ស្តេច​មួយ​អង្គ​មាន​ឆ្កែ​ព្រៃ ១០​ក្បាល​។ ទ្រង់​បាន​ប្រើ​ពួក​ឆ្កែ​ទាំងនោះ​ដើម្បី​ធ្វើ​ទារុណកម្ម ​និង​ស៊ី​អ្នកបម្រើ​របស់​ទ្រង់​ដែល​បាន​ធ្វើ​ខុស​។ ថ្ងៃមួយ​អ្នកបម្រើ​ម្នាក់​បាន​ផ្តល់​យោបល់​ទ្រង់​ខុស ដែល​ធ្វើឲ្យ​ទ្រង់​ខ្ញាល់ ហើយ​ទ្រង់​ក៏​បញ្ជា​ឲ្យ​ទា​ហាន​ចាប់​យក​អ្នកបម្រើ​នោះ​ទៅ​បោះ​ឲ្យ​ឆ្កែ​ស៊ី​។


អ្នកបម្រើ​នោះបាន​ពោល​ទៅកាន់​ស្តេច​ថា “​ទូលបង្គំ​បម្រើ​ព្រះអង្គ ១០​ឆ្នាំ ហេតុ​អ្វី​ធ្វើ​បែប​នេះ​ដាក់​ទូលបង្គំ​? សូម​ព្រះអង្គ​មេត្តា​ទុកពេល​ឲ្យ​ទូលបង្គំ ១០​ថ្ងៃ​សិន មុន​នឹង​បោះ​ទូលបង្គំ​ទៅឲ្យ​ឆ្កែ​ស៊ី​។​” ស្តេច​ក៏​យល់ព្រម​តាម​សំណើរ​របស់​អ្នក​បម្រើ​នោះ​។ ក្នុង​រយៈពេល​ដប់​ថ្ងៃនោះ​ អ្នកបម្រើ​បាន​ទៅរក​អ្នកយាម​ដែល​មើល​ថែរក្សា​សត្វ​ឆ្កែ​ព្រៃ​របស់​ស្តេច ហើយ​បាន​សុំ​អនុញ្ញាតិ​ពី​អ្នកយាម​នោះ​ឲ្យ​គាត់​បាន​មើលថែ​ឆ្កែ​ទាំងនោះ​រយៈពេល ១០​ថ្ងៃ​។


អ្នកយាម​បាន​ភ្ញាក់ផ្អើល ប៉ុន្តែ​បាន​យល់ព្រម ហើយ​អ្នក​បម្រើ​បានចាប់ផ្តើម​ផ្តល់​ចំណី​ដល់​សត្វ​ឆ្កែ​ទាំងនោះ លាង​សម្អាត ងូតទឹក​ឱ្យ​ពួកវា និង​មើលថែ​ពួក​វា​បាន​យ៉ាង​ល្អ​។ ​លុះ ១០​ថ្ងៃ​កន្លង​ផុត​ទៅ ស្តេច​ក៏​បាន​បញ្ជា​ឲ្យ​សេនា​ទៅ​ចាប់​អ្នកបម្រើ​នោះ​យក​បោះ​ឲ្យ​ឆ្កែព្រៃ​ទាំងនោះ​ស៊ី តែ​ឆ្កែព្រៃ​ទាំងនោះ​មិន​ស៊ី​អ្នកបម្រើ​នោះទេ តែ​ពួក​វា​បែរ​ជា​នាំគ្នា​លិឍ​ជើង​របស់​គាត់​ទៅ​វិញ​។ ស្តេច​បាន​ងឿងឆ្ងល់​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​ឃើញ​ហើយ​បាន​មានបន្ទូលថា​៖


“​តើ​មាន​អ្វី​កើតឡើង​ចំពោះ​ឆ្កែ​របស់​ខ្ញុំ​?” ​អ្នកបម្រើ​ឆ្លើយតបថា៖ “​ទូលបង្គំ​បាន​បម្រើ​សត្វ​ឆ្កែ​ទាំង​នេះ​តែ ១០​ថ្ងៃ​ប៉ុណ្ណោះ​ហើយ​ពួក​វា​មិនបាន​ភ្លេច​ការបម្រើ​របស់​ទូលបង្គំ​ទេ តែ​ទូលបង្គំ​បាន​បម្រើ​ព្រះអង្គ​អស់​រយៈពេល ១០​ឆ្នាំ​មកហើយ ហើយ​មាន​កំហុស​តែ​ម្តង​គត់ ព្រះអង្គ​ក៏​ភ្លេច​ទាំងអស់​នូវ​គុណសម្បត្តិ​របស់​ទូលបង្គំ​!” ។​

ស្ដេច​បានដឹង​អំពី​កំហុស​របស់​ខ្លួន​ ហើយ​បាន​លើកលែងទោស​ដល់​អ្នក​បម្រើ​នោះ​។ ​នេះ​គឺជា​សារ​មួយ​សម្រាប់​រំលឹក​ដល់​មនុស្ស​គ្រប់គ្នា​កុំឲ្យ​ភ្លេច​ទង្វើ​ល្អ​ទាំងឡាយ​ដែល​គេ​តែងតែ​ផ្តល់ឲ្យ​យើង ដោយ​គ្រាន់តែ​គេ​មាន​កំហុស​ម្តងម្កាល ឬ​អចេតនា​។ កុំ​បំភ្លេចចោល​នូវ​ប្រវត្តិ​ដែល​ពោរពេញ​ទៅដោយ​ទង្វើ​ល្អៗ​ដោយសារ​តែ​កំហុស​ដែល​អ្នក​មិន​ចូលចិត្ត​៕




No comments :