សមមានប្រាជ្ញ
០១-តាសីមានបុត្រីនិងបុត្រា….ប្រុសបងឈ្មោះថី
កូនស្រីឈ្មោះសូភី…អាយុប្រាំពីរឆ្នាំស្រស់ល្អដូចផ្កា។
០២-យូរថ្ងៃក្នុងមហល្លកវ័យ..ភរិយាគាត់ក្ស័យចោលលោកា
ទុកតាឱ្យតោលតែកំព្រា….រស់សែនវេទនាបីនាក់កូនស្ងួន ។
០៣-លុះថីធំពេញវ័យ…មានសង្គ្រាមជ័យភ័យរត់លូន
ព្រាត់ម៉ែព្រាត់ឪញាតិបងប្អូន..យុវជនស្ម័គ្រខ្លួនបំរើជាតិ។
០៤-ថីកូនចាកចេញទៅ..ទុក្ខតាអមនៅទ្រូងចង្អៀត
ជាមួយកូនពៅស្រីតូចទៀត…កម្មអើយបៀនបៀតលើរូបតា។
០៥-ទៅបាត់ច្រើនឆ្នាំសូន្យស្ងាត់ឈឹង..ស្រប់អីថ្ងៃហ្នឹងមានអក្ខរា
ផ្ញើជូនឪពុកចាស់ជរា…ប្រាប់សុខទុក្ខជាកូនប្រុសថ្លៃ។
០៦-លោកសីលោកចាស់ភ្នែកងងឹត..កម្លាំងក៏រឹតខ្សោយស្គមក្រៃ
គាត់មិនអាចអានដឹងសេចក្ដី…ឯសូភីស្រីមិនចេះទៀត។
០៧-តាសីនាំកូនពៅកល្យាណ..ទៅរកអ្នកអានប្រឹងខ្មីឃ្មាត
គិតដល់កូនប្រុសក្រែងអាពាទ្យ..នៅសមរភូមិជាតិតើយ៉ាងណ៎ា!
០៨-ទៅដល់ផ្សារមួយជួបអ្នកប្រុស..ស្លៀកពាក់ឥតខ្ចោះឫកសង្ហារ
សិតសក់វែកខ្ញង់អមវែនតា…ស្បែកជើងប៉ាតាសៀតប៊ិចសម។
០៩-តាមើលទៅគេមានប្រាជ្ញ..តាឱនកាយយ៉ាដៃប្រណម្យ
ឱ្យលោកប្រុសក្មេងមេត្តាខ្ញុំ…បើមិនសមរម្យអភ័យរ៉ា។
១០-មេត្តាជួយអានដឹងសេចក្ដី…លិខិតលើដៃផ្ញើមកតា
ពីកូនសម្លាញ់ប្រុសពេញចិន្តា …ធ្វើលះបង់សង្ខាបម្រើជាតិ។
១១-កម្លោះទទួលលិខិតតា…ហែកខ្វោកលាតលាមើលខ្មីឃ្មាត
ធ្វើមាត់ម្ហបៗប្រកបទៀត…ទ្រូងខ្លួនចង្អៀតពេញឱរា។
១២-រួចហើយកម្លោះបោះសម្ដី..ថាមិនដឹងស្អីសំបុត្រតា
គួសវាសក្រវ៉ាមជើងជាន់គ្នា…ប្រហែលកូនតាឥតចំណេះ
។
១៣-តាឮដូច្នោះលាន់មាត់ថា..កូនប្រុសថ្លៃថ្លាពីមុនចេះ
អក្សរត្រឹមត្រូវម្ដេចយ៉ាងនេះ..សរសេរអីចេះមើលមិនយល់។
១៤-កម្លោះសង្ហារឮដូច្នោះ..យកដៃឱបពោះទុក្ខកង្វល់
ទឹកភ្នែកហូរច្រោកជោកជាំថ្ពាល់..នឹកឃើញខ្លួនផ្ទាល់ជនឥតប្រាជ្ញ។
១៥-តាឃើញដូច្នោះភ័យស្លុតខ្លាំង..ក៏យំប្រណាំងដោយនឹកខ្លាច
កូនប្រុសសម្លាញ់ពួកកំណាច…ជាខ្មាំងមកផ្ដាច់ក្ស័យជីវា។
១៦-សូភីកូនពៅស្រីកល្យាណ..ក៏ទ្រាំមិនបានយំផងណ៎ា
យំមិនដឹងរឿងព្រោះឃើញតា..យំទាំងអស់គ្នាទុក្ខព្រួយធំ។
១៧-អ្នកនៅជិតខាងឃើញដូច្នោះ..នាំគ្នារោមរុសទុក្ខក្រៀមក្រំ
ទឹកភ្នែកហូរដែរស្មានទុក្ខធំ…ក៏នាំគ្នាយំឥតស្រដី។
១៨-កុមារីម្នាក់ចិត្តហានក្លា…ស្ទុះទៅសួរថាមានទុក្ខអ្វី
បាននាំគ្នាយំទាំងប្រុសស្រី..មេត្តាស្រដីប្រាប់ខ្ញុំផង។
១៩-តាឮដូច្នោះស្រដីថា…អ្នកអានអក្ខរាគាត់សៅហ្មង
ដឹងរឿងសេចក្ដីធំកន្លង…កូនប្រុសរៀមច្បងផ្ញើមកតា។
២០-ប្រហែលកូនតាមានទុក្ខភ័យ..ក្នុងសង្គ្រាមជ័យខ្លួនពិការ
បានជាកម្លោះមិនវាចា…ឱនមុខយំរ៉ាទុក្ខក្រៀមក្រំ។
២១-នារីស្ទុះទៅជិតកម្លោះ..វាចាពិរោះសួររំទំ
ថាកើតហេតុអីបានទុក្ខធំ…នាំគេឲ្យយំសូមវាចា។
២២-កម្លោះហឺហារឆ្លើយមាំមួន…យំអាណិតខ្លួនមិនចេះរ៉ា
មិនបានរៀនសូត្រនៅសាលា…មិនចេះអក្ខរាខ្លួនឯងធំ។
២៣-បើមិនចេះទេកុំសៀតប៊ិច..កុំចង់រំលេចសៀតបន្លំ
នាំឲ្យខ្មាស់គេទុក្ខក្រៀមក្រំ…ស៊យធំធ្លាក់ចំលើអាត្មា។
២៤-នារីក្លាហានអានលិខិត..ដឹងសេចក្ដីពិតជំរាបតា
ចន្ទគីរីសុខទុក្ខធម្មតា…ទើបឡើងស័ក្ដិជានាយទាហាន។
២៥-តាឮដូច្នោះគាត់ត្រេកអរ..រំភើបញាប់ញ័រអស់ទាំងប្រាណ
លើកដៃសំពះដល់អ្នកអាន…ជូនជាពត៌មានដំណឹងពិត។
២៦-តាសូមអរគុណដល់មុំស្រី..ក្លាហានឈ្លាសវៃដូចបណ្ឌិត
បានឲ្យទ្រូងតាធូរស្រាលចិត្ត…ឈប់ភ័យនឹកគិតអពមង្គល៕
ឆ្នាំ១៩៨៥ តាមលំនាំបទ យំអាណិតខ្លួន
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment