តួនាទីនាយកដ្ឋានកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់
នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានតួនាទីជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើការងារសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។
នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ចដូចខាងក្រោម ៖
- គាំទ្ររដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា
- រៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានាដែលពាក់ព័ន្ធនឹងការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- គាំទ្រ និងតាមដានលើការងារកសាងនិងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ព្រមទាំងគម្រោងកម្មវិធីនានារបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- សហការក្នុងការគាំទ្រ និងការតាមដានលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- តាមដាន ត្រួតពិនិត្យ វាយតម្លៃ ពិនិត្យនីត្យានុកូលភាព អន្ដរាគមន៍ និងគាំទ្រការអនុវត្តការងារ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- សម្របសម្រួលក្នុងការទប់ស្កាត់នូវសកម្មភាពដែលមានការរំលោភលើកិច្ចការ ឬការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- សហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានាក្នុងការកសាងសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- គាំទ្រ និងសម្របសម្រួលយន្តការពិគ្រោះយោបល់ សហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន រវាងក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានាជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- សម្របសម្រួល សហការ និងកៀរគរអ្នកពាក់ព័ន្ធនានា ព្រមទាំងវិស័យឯកជន ដើម្បីគាំទ្រដល់ការផ្តល់សេវា និងការអភិវឌ្ឍន៍នៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ចងក្រង និងថែរក្សាគ្រប់ព័ត៌មានផ្លូវការដែលពាក់ព័ន្ធនឹងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ថែរក្សាទុកដាក់ឯកសារច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានាដែលអនុវត្តចំពោះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- គ្រប់គ្រងឯកសារ ការងារបុគ្គលិក ហិរញ្ញវត្ថុ និងបញ្ជីសារពើភណ្ឌចលនទ្រព្យ និងអចលនទ្រព្យ របស់នាយកដ្ឋាន
- ពិនិត្យ វាយតម្លៃលើកិច្ចដំណើរការប្រជុំរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់តាមច្បាប់កំណត់
- រៀបចំផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងនាយកដ្ឋានតាមគោលការណ៍កំណត់
- បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលប្រគល់ឲ្យ។
នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានរចនាសម្ព័ន្ធដូចខាងក្រោម ៖
១. ការិយាល័យរដ្ឋបាល
២. ការិយាល័យអភិវឌ្ឍន៍គោលនយោបាយ
៣. ការិយាល័យហិរញ្ញវត្ថុក្រុង ស្រុក ឃុំ សង្កាត់
៤. ការិយាល័យផែនការក្រុង ស្រុក ឃុំ សង្កាត់
៥. ការិយាល័យគាំទ្រគម្រោងក្រុង ស្រុក ឃុំ សង្កាត់
៦. ការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃក្រុង ស្រុក ឃុំ សង្កាត់។
១-ការិយាល័យរដ្ឋបាល មានភារកិច្ចដូចខាងក្រោម ៖
- រៀបចំកាលវិភាគការងារ កិច្ចប្រជុំ ពិធីការ និងទំនាក់ទំនងសាធារណៈ
- ទទួលបន្ទុកលើការងារដែលទាក់ទងនឹងបុគ្គលិក និងបេសកកម្មនៅក្នុងនាយកដ្ឋាន
- គ្រប់គ្រង និងចាត់ចែងមន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតដែលបម្រើការងារនៅនាយកដ្ឋាន
- ទទួលការងាររបៀប លិខិតស្នាម ការបោះពុម្ព និងថតចម្លងឯកសារ
- ទទួល និងតាមដានលិខិតចេញចូល ទូរស័ព្ទ ទូរសារ និងសារអេឡិកត្រូនិច
- សហការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិការបស់នាយកដ្ឋាន
- រៀបចំផែនការអំពីតម្រូវការមធ្យោបាយ សម្ភារ និងថវិការបស់នាយកដ្ឋាន
- ធ្វើបញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌចលនទ្រព្យ អចលនទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន
- ចាត់ចែង និងផ្គត់ផ្គង់មធ្យោបាយ សម្ភារ និងថវិកាសម្រាប់ការងាររបស់នាយកដ្ឋាន
- គ្រប់គ្រង និងថែរក្សាសុវត្ថិភាពយានយន្ត សង្ហារឹម សម្ភារ និងបរិក្ខារផ្សេងៗរបស់នាយកដ្ឋាន
- រក្សាទុកដាក់ឯកសារច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋាន និងគោលការណ៍ណែនាំនានាដែលអនុវត្តចំពោះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- គ្រប់គ្រងគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់នាយកដ្ឋាន
- បូកសរុបរបាយការណ៍របស់នាយកដ្ឋានតាមគោលការណ៍កំណត់
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
២-ការិយាល័យអភិវឌ្ឍន៍គោលនយោបាយ មានភារកិច្ចដូចខាងក្រោម ៖
- សិក្សា និងរៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានាដែលទាក់ទង នឹងការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ពិនិត្យ និងផ្តល់យោបល់អំពី ៖
- ក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ដែលទាក់ទងនឹងការអនុវត្តការងាររបស់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- សមត្ថភាពធនធានមនុស្ស កិច្ចដំណើរការ និងតម្រូវការអភិវឌ្ឍរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- កិច្ចព្រមព្រៀងផ្តល់សេវារួមគ្នាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងរដ្ឋបាលរាជធានី ខេត្ត
- ការអនុវត្តគោលនយោបាយកំណែទម្រង់តាមវិស័យដែលពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
- សិក្សាស្រាវជ្រាវ និងលើកសំណើកែសម្រួលច្បាប់ និងលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធនឹង រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យមានសង្គតិភាពជាមួយគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- រៀបចំការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
៣-ការិយាល័យហិរញ្ញវត្ថុក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ចដូចខាងក្រោម ៖
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ណែនាំ និងតម្រង់ទិសអំពីការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- សហការ គាំទ្រ និងតាមដានលើការងារគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- សហការ គាំទ្រនៅក្នុងការរៀបចំ គ្រប់គ្រង និងថែរក្សាបញ្ជីសារពើភណ្ឌចលនទ្រព្យ និងអចលនទ្រព្យរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- គាំទ្រ និងតាមដានលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធានមូលនិធិក្រុង ស្រុក ឃុំ សង្កាត់
- គាំទ្រ និងតាមដានលើការគ្រប់គ្រងចំណូល និងចំណាយរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- តាមដាន និងចាត់ចែងការផ្ទេរធនធានមូលនិធិក្រុង ស្រុក ឃុំ សង្កាត់
- ពិនិត្យការអនុវត្តតាមល័ក្ខខ័ណ្ឌនានាដើម្បីឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អាចទទួលបានថវិកាវិភាជន៍ពីមូលនិធិ និងលើកសំណើអនុញ្ញាតការផ្ទេរថវិកាវិភាជន៍ទៅឃុំ សង្កាត់
- អន្តរាគមន៍ដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការរៀបចំថវិកាប្រចាំឆ្នាំរបស់ខ្លួនឲ្យបានសមស្រប
- ត្រួតពិនិត្យរាល់សកម្មភាពអនុវត្តលិខិតបទដ្ឋានគតិយុត្តស្តីពីហិរញ្ញវត្ថុក្រុង ស្រុក ឃុំ សង្កាត់
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
៤-ការិយាល័យផែនការក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ចដូចខាងក្រោម ៖
- សហការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគរបស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់
- ណែនាំ និងតម្រង់ទិសអំពីលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- គាំទ្រ និងតាមដានលើការងារកសាង និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ដល់ អ្នកពាក់ព័ន្ធនានាដើម្បីផ្តល់ការគាំទ្រ
- សម្របសម្រួល និងកៀរគរដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនដើម្បីផ្តល់ការ គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
៥-ការិយាល័យគាំទ្រគម្រោងក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ចដូចខាងក្រោម ៖
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់
- ណែនាំតម្រង់ទិសអំពីលិខិតបទដ្ឋាន និងនីតិវិធីនៃការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់
- គាំទ្រ និងតាមដានដំណើរការសិក្សា រៀបចំគម្រោងក្រុង ស្រុក ឃុំ សង្កាត់ កិច្ចប្រតិបត្តិការថែទាំគម្រោង ព្រមទាំងតាមដាន និងវាយតម្លៃគម្រោង
- គាំទ្រ និងតាមដានដំណើរការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម
- គាំទ្រ និងតាមដានដំណើរការលទ្ធកម្ម និងគ្រប់គ្រងកិច្ចសន្យា
- សិក្សា និងរៀបចំអំពីប្រព័ន្ធសម្រាប់ថែទាំ ជួសជុល និងសាងសង់អគាររដ្ឋបាលសាលាក្រុង ស្រុក ឃុំ សង្កាត់
- គាំទ្រ និងសម្របសម្រួលការងារសាងសង់អគាររដ្ឋបាលសាលាក្រុង ស្រុក ឃុំ សង្កាត់
- ធ្វើបច្ចុប្បន្នភាពទីតាំងអគាររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- គ្រប់គ្រងប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
៦-ការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ចដូចខាងក្រោម ៖
- សហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ វាយតម្លៃ ពិនិត្យនីត្យានុកូលភាព អន្តរាគមន៍ និងគាំទ្រការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តាមគោលការណ៍កំណត់
- តាមដាន និងវាយតម្លៃជាប្រចំាអំពីសមត្ថភាព ធនធាន និងដំណើរការបំពេញកិច្ចការរបស់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ពិនិត្យ និងវាយតម្លៃលើកិច្ចដំណើរការប្រជុំរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់តាមច្បាប់ កំណត់
- រៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃអំពីការអនុវត្តតួនាទីរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- តាមដាន និងពិនិត្យនីត្យានុកូលភាពលើដីកា សេចក្តីសម្រេច ឬសកម្មភាពរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ស្របតាមគោលការណ៍ច្បាប់
- សម្របសម្រួលក្នុងការទប់ស្កាត់នូវសកម្មភាពដែលមានការរំលោភលើកិច្ចការ ឬការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ផ្តល់យោបល់ និងចាត់វិធានការសមស្របដើម្បីឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ធ្វើការកែតម្រូវ ដីកា សេចក្តីសម្រេច ឬសកម្មភាពដែលមិនស្របច្បាប់
- ធ្វើអន្តរាគមទៅក្នុងកិច្ចការ ឬការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងការរំសាយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ស្របតាមច្បាប់កំណត់
- ពិនិត្យ និងផ្តល់យោបល់អំពីការគ្រប់គ្រងបណ្តោះអាសន្នទៅលើរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ដែលមិនទាន់មានក្រុមប្រឹក្សា ឬក្រុមប្រឹក្សាត្រូវរំសាយស្របតាមច្បាប់កំណត់
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
ដកស្រង់ចេញពី៖ ក្រសួងមហាផ្ទៃ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment