ប្រមូលផ្ដុំសម្ដីកំពូលមនុស្សទាំង៦ លើភាពជោគជ័យ
បុគ្គលគ្រប់រូបរមែងប្រាថ្នាចង់បានជោគជ័យរៀងៗខ្លួន ទាំងជោគជ័យក្នុងជីវិតគ្រួសារ ជោគជ័យក្នុងទំនាក់ទំនង ពិសេសគឺជោគជ័យក្នុងជីវិតការងារតែម្ដង។ ដ្បិតថាបុគ្គលគ្រប់រូបសុទ្ធតែមានក្ដីស្រមៃ និងប្រាថ្នាចង់ក្លាយខ្លួនជាបុគ្គលជោគជ័យ ប៉ុន្តែមិនប្រាកដថាបុគ្គលទាំងនោះសុទ្ធតែអាចជោគជ័យបានគ្រប់ៗគ្នានោះទេ។ តើគួរធ្វើបែបណាទើបអាចក្លាយជាបុគ្គលជោគជ័យបាន? ថ្ងៃនេះ យើងខ្ញុំសូមស្រង់ទស្សនៈបុគ្គលល្បីៗ៦ឃ្លា មកបង្ហាញជូនប្រិយមិត្តអ្នកអានដើម្បីធ្វើជាប្រទីប ឬទុកជាការត្រិះរិះពិចារណា រួមមានដូចខាងក្រោម៖
១. រ៉ូបឺត ឃូលីយេ អ្នកនិពន្ធ ជនជាតិអាមេរិក៖ “ជោគជ័យ គឺជាលទ្ធផលរួមផ្សំរវាងការខំប្រឹងប្រែងតូចៗជាច្រើនដែលអនុវត្តជាប្រចាំរៀងរាល់ថ្ងៃ”។ ក្នុងន័យនេះ លោកប្រហែលចង់សំដៅថា ភាពរួមផ្សំគ្នានៃការខិតខំប្រឹងប្រែងបន្តិចបន្តួចជាប្រចាំរៀងរាល់ថ្ងៃ នឹងធ្វើឱ្យជោគជ័យកើតមានឡើង។
២. Jack Ma មហាសេដ្ឋីពិភពលោក ជនជាតិចិន៖ “បើចង់បើកអាជីវកម្មផ្ទាល់ខ្លួនឱ្យជោគជ័យ សូមកុំធ្វើដើម្បីតែលុយឱ្យសោះ ត្រូវតែរៀនរកដំណោះស្រាយ”។ លោក Jack Ma លើកឡើងបែបនេះ ហាក់បីមានបំណងចង់ឱ្យសហគ្រិនគ្រប់រូបផ្ដោតសំខាន់ទៅលើការរកដំណោះស្រាយនិងវិធីសាស្រ្តដើម្បីគ្រប់គ្រងអាជីវកម្ម ជាជាងការគិតតែពីផលចំណេញ ឬលុយកាក់ នោះទើបអាជីវកម្មអាចទទួលបានជោគជ័យ។
៣. ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៖ “ជោគជ័យកើតចេញពីភាពលម្អិត ហ្មត់ចត់ និងមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ”។ សូមជម្រាបជូនថា ទស្សនៈមួយឃ្លានេះ ទំនងមានន័យថា ការធ្វើកិច្ចការអ្វីមួយប្រកបដោយភាពលម្អិត ហ្មត់ចត់ និងមានឆន្ទៈខ្ពស់ នឹងធ្វើឱ្យបុគ្គលគ្រប់រូបទទួលបានជោគជ័យយ៉ាងពិតប្រាកដ។
៤. វិនស្តុន ឆឺឈីល អ្នកនយោបាយ ជនជាតិអង់គ្លេស៖ “ជោគជ័យ គឺការធ្វើដំណើរពីបរាជ័យមួយឆ្ពោះទៅរកបរាជ័យមួយទៀត ដោយមិនត្រូវឱ្យបាត់បង់ការខំប្រឹងប្រែងស្ទុះស្ទាឡើយ”។ លោក វិនស្តុន ឆឺឈីល លើកឡើងបែបនេះ ហាក់បីចង់សំដៅថា ជោគជ័យកើតឡើងពីការខំប្រឹងប្រែង តស៊ូ ជម្នះ ទទូច ព្យាយាម និងប្រឆាំងនឹងបរាជ័យម្ដងហើយម្ដងទៀតដោយមិនបោះបង់ និងមិនអស់សង្ឃឹម។
៥. ណាប៉ូលេអុង ហ៊ីល អ្នកនិពន្ធអាមេរិក៖ “ជោគជ័យ នឹងមិនអាចទៅរួចបានឡើយ ប្រសិនបើគ្មានឆន្ទះ”។ ឃ្លានេះប្រហែលជាមានន័យថា ឆន្ទះគឺជាចំណុចដ៏សំខាន់និងចម្បងបំផុត ដើម្បីធ្វើកិច្ចការអ្វីមួយប្រកបដោយជោគជ័យ។
៦. Larry Ellison អ្នកនិពន្ធជនជាតិអាមេរិក៖ “ចង់ជោគជ័យ ត្រូវធ្វើអ្វីដែលអ្នកចង់ធ្វើ មិនមែនធ្វើអ្វីតម្រូវតាមចិត្តអ្នកដទៃនោះទេ”។ លោក Larry Ellison លើកឡើងបែបនេះ ទំនងជាចង់សំដៅថា ប្រសិនបើយើងធ្វើអ្វីមួយដោយចំណង់ខ្លួនឯង ដោយការស្រឡាញ់ពេញចិត្ត និងមិនធ្វើដើម្បីតម្រូវតាមចិត្តនរណាម្នាក់ នោះភាគរយនៃឱកាសជោគជ័យនឹងកើតមានឡើងកាន់តែខ្ពស់ឡើង៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment